(ភ្នំពេញ)៖ កម្ពុជាជាព្រះរាជាណាចក្រមួយ ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិផង និងស្នាដៃច្នៃប្រឌិតមិនចេះរីងស្ងួតរបស់ប្រជាជាតិផង។ ជាពិសេសសម្បត្តិបេតិកភណ្ឌវប្បធម៌ពីបុរាណទាំងរូបី និងអរូបី ដែលជាស្នាដៃមិនអាចកាត់ថ្លៃបាន របស់បុព្វបុរសយើង បានបន្សល់ទុកមកពីយូរលង់ណាស់មកហើយ។

ជាមួយគ្នានេះដែរ ក្រមាត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌បុរាណរូបីមួយ ហើយក្រមានេះទៀតសោធមានសារៈសំខាន់ខ្លាំងណាស់ ចំពោះប្រជាជនខ្មែរ ដែលរស់នៅជនបទស្រុកស្រែចំការ ដែលពួកគាត់ស្គាល់ថា ជាសម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ មានតម្លៃបំផុត។

ទោះជាយ៉ាងនេះក្តី ក្មេងៗសម័យក្រោយនេះ មិនសូវស្គាល់ពីការលំបាកនៃការផលិតក្រមាទេ ហើយមួយចំនួនអាចមិនស្គាល់ពីតម្លៃ របស់វត្ថុនេះទៀតផង។ ចាប់តាំងពីរាជរដ្ឋាភិបាល រៀបចំឲ្យមានព្រឹត្តិការណ៍នៅវាលព្រះមេរុ គឺការត្បាញក្រមាវែងជាងគេលើពិភពលោក ប្រវែង១០០០ម៉ែត្រមក គេសង្កេតឃើញថា មានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសយុវវ័យតែម្តង។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ថ្លែងមកកាន់ភ្នាក់ងារ Fresh News ព្រះសង្ឃ និងយុវវ័យមួយក្រុម អះអាងថា ព្រឹត្តិការណ៍ត្បាញក្រមា១០០០ម៉ែត្រ ជាព្រឹត្តិការណ៍ថ្មី បំផុសស្មារតីកូនខ្មែរឲ្យស្រឡាញ់វប្បធម៌ជាតិ និងបង្ហាញពិភពលោកឲ្យស្គាល់ពីអត្តសញ្ញាណជាតិខ្មែរ។

ថ្លែងដោយទឹកមុខញញឹម លោក រិទ្ធី ដែលបានទៅទស្សនាសាលាតម្បាញ បានឲ្យដឹងថា ទីកន្លែងផលិតក្រមានេះ ជាកន្លែងដែលផ្តល់នូវចំណេះដឹងថ្មីអំពីក្រមា និងបានបង្ហាញសកលលោកឲ្យស្គាល់ពីក្រមា។

លោកបានបញ្ជាក់ថា «ខ្ញុំចង់ដឹងពីការត្បាញរបស់ប្រជាពលរដ្ឋខ្មែរយើង របៀបនៃការត្បាញមានលក្ខណៈយ៉ាងម៉េច ហើយពួកគាត់ពេលយកទៅលក់ គឺមានតម្លៃតិចតួចណាស់ មិនសូវជាបានតម្លៃថ្លៃទេ»

លោកបានបន្ថែមថា «ខ្ញុំមានមោទនភាព ព្រោះយើងបង្ហាញពីសកលលោកឲ្យដឹងថា យើងមានក្រមាដែលជាវប្បធម៌ នៃប្រទេសជាតិយើង ជាអត្តសញ្ញាណជាតិ»

ទន្ទឹមនឹងនេះ លោក វីន ចម្រើន ក៏បានលើកឡើងស្រដៀងគ្នានេះថា លោកមកកន្លែងនេះ ព្រោះឃើញមានការរៀបចំយ៉ាងធំអស្ចារ្យ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ហើយក៏បានបង្ហាញលោកថា អ្វីទៅដែលជាក្រមា?

លោកបានបញ្ជាក់ថា «ធ្វើឲ្យមានចិត្តចង់ដឹងថា តើពាក្យថាក្រមាមានន័យថាយ៉ាងម៉េច? ចង់ដឹងថាក្រមាមានចំណុចពិសេសអ្វីខ្លះ? ហើយចង់ដឹងពីរៀបធ្វើហ្នឹងយ៉ាងម៉េច? ហើយមានអ្វីដែលលើសពីហ្នឹង? មានអ្វីដែលវិសេសវិសាលពីហ្នឹង? និយាយរួមគឺចង់ដឹងតែម្តង»

យុវជនរូបនេះ បានបន្ថែមទៀតថា មិនត្រឹមតែធ្វើឲ្យលោកយល់ដឹងពីក្រមា បានកាន់តែច្រើនទេ តែវាបានបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោយ មានគំនិតស្រឡាញ់អត្តសញ្ញាណជាតិខ្មែរ ហើយឲ្យបរទេសឃើញថា ពាក្យថាក្រមា គឺជាខ្មែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «ព្រោះអាចធ្វើឲ្យកូនខ្មែរជំនាន់ក្រោយស្គាល់នូវក្រមា ហើយវាជាការល្អមួយទៀត គឺហាក់បីដូចជាបណ្តុះស្មារតីឲ្យយើង ធ្វើអ្វីឲ្យមានភាពសាមគ្គីគ្នា ស្រឡាញ់គ្នា លទ្ធផលចេញមកបង្ហាញអន្តរជាតិ ជាពិសេសចង់ឲ្យក្រមាហ្នឹង អាចបង្ហាញមុខលើអន្តរជាតិ ហើយគេទទួលស្គាល់ ឲ្យតែពាក្យថាក្រមា មានន័យថាខ្មែរ»

កញ្ញា គីម ម៉ី បានឲ្យដឹងដែរថា គាត់សប្បាយចិត្តណាស់ដែលឃើញបងប្អូន ជាពិសេសយុវវ័យយើង ដែលពួកគាត់មកចូលរួមយ៉ាងច្រើនកុះករបែបនេះ ហើយព្រឹត្តិការណ៍នេះបានធ្វើឲ្យកញ្ញា ក៏ដូចជាពួកគាត់ បានយល់ដឹងពីរៀបផលិតក្រមា។ កញ្ញាបានបញ្ជាក់ថា «ខ្ញុំយល់ថា បានធ្វើឲ្យប្រជាជនយើងបានយល់ពីការត្បាញហ្នឹង ព្រោះអីអ្នកខ្លះអត់ដឹងដូចជាខ្ញុំអញ្ចឹង បើអត់មានកម្មវិធីហ្នឹងក៏អត់ដឹងថាគេត្បាញក្រមាយ៉ាងម៉េចដែរ អញ្ចឹងបានយល់ដឹង»។

បន្តែមលើនេះ កញ្ញា ដាលីន បានឲ្យដឹងថា កញ្ញាសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមត្បាញក្រមាខ្មែរ ដើម្បីទទួលបានចំណេះដឹងថ្មី ដូចជាសាមគ្គី និងអាចបង្ហាញពិភពលោក ឲ្យទទួលស្គាល់ថា ជារបស់ខ្មែរ ខ្មែរអាចធ្វើបាននូវក្រមា១០០០ម៉ែត្រ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរនេះ។

កញ្ញបានបញ្ជាក់ទៀតថា «មួយវិញទៀត បើសិនយើងជាខ្មែរ យើងរួមចំណែកក្នុងក្រមា១០០០ម៉ែត្រ ត្រឹម៥សរសៃក្នុងហ្នឹង ក៏យើងមានមោទនភាពនឹងខ្លួនឯងដែរ យើងចូលរួមក្រមា១០០០ម៉ែត្រហ្នឹងគេទទួលស្គាល់ថា គេជឿជាក់ថាខ្មែរយើងអាចធ្វើបាន ហើយពិភពលោកគេទទួលស្គាល់»

មិនត្រឹមតែយុវវ័យទេ ដែលមានមោទនភាពនឹងការត្បាញក្រមា សូម្បីព្រះសង្ឃក៏ពេញចិត្តដែរ។ ជាក់ស្តែង ព្រះតេជគុណ ហួន សំនៀង បានមានសង្ឃដីកា ដោយបង្ហាញក្តីរីករាយថា ព្រះអង្គរីករាយដោយបានឃើញព្រឹត្តិការណ៍ធំ ដែលមិនធ្លាប់មានពីមុនមួយនេះ ហើយជាព្រឹត្តិការណ៍នេះ បង្ហាញឲ្យព្រះអង្គស្គាល់ពីអត្តសញ្ញាណជាតិខ្លួន ចេះស្រឡាញ់ និងអភិរក្សវប្បធម៌ខ្លួន។

ព្រះអង្គបានបញ្ជាក់ឲ្យដឹងទៀតថា «មានវប្បធម៌ខ្មែរមួយចំនួនត្រូវបានគេលួច ដោយសារយើងមិនដឹង ដូច្នេះអាត្មាចង់ឃើញការអភិរក្សអ្វីដែលថ្មីៗ ប្លែកៗ បន្តទៅមុខទៀត»

ដូចគ្នានេះដែរ ព្រះតេជគុណ សុខ ម៉ាណាក់ ក៏បានមានសង្ឃដីកាថា ព្រះអង្គពេញចិត្តជាខ្លាំង នៅពេលដែលឃើញកូនខ្មែរជំនាន់នេះ ចេះស្រឡាញ់វប្បធម៌ខ្លួន មកទស្សនាដោយផ្ទាល់នៅកន្លែងផលិតក្រមានេះ ជាពិសេសកន្លែងនេះ បានទាក់ទាញដល់ភ្ញៀវទេសចរបរទេសមកកំសាន្ត និងបានយល់ពីវប្បធម៌ខ្មែរទៀតផង។

ព្រះអង្គបានគាំទ្រ និងចង់ឲ្យមានការលើកស្ទួយវប្បធម៌យើង ព្រមទាំងបង្កើតឲ្យមានព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ។ ព្រះតេជគុណបានបញ្ជាក់យ៉ាងដូច្នេះថា «បើមានការលើកស្ទួយវប្បធម៌ជាច្រើនទៀត ហ្នឹងកាន់តែល្អហើយ កុំឲ្យបាត់បង់ ឲ្យកូនខ្មែរជំនាន់ក្រោយស្គាល់ បានច្រើននូវវប្បធម៌ ប្រពៃណី របាំ បង្ហាញទៅពិភពលោក ប្រទេសខាងក្រៅឲ្យគេចាប់អារម្មណ៍ប្រទេសយើង»

សូមជម្រាបថា យុទ្ធនាការក្រមា១០០០ម៉ែត្រ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរ ទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។ បើតាមអ្នកស្ម័គ្រចិត្តនៅទីនោះបានឲ្យដឹងថា មកដល់ពេលនេះ ផលិតបាន២០០ម៉ែត្រហើយ៕