(ភ្នំពេញ)៖ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងក្រុមមន្រ្តីក្រសួងធម្មការ និងសាសនា បានសហការជាមួយ មន្ទីរធម្មការ និងសាសនា និង មន្ទីរអប់រំយុវជន និងកីឡាប្រចាំ ខេត្តព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ ព្រមទាំង សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពីនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃ​ក្រសួងធម្មការ និងសាសនា ចុះមករៀបចំកម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា» ក្នុងគោលបំណង ផ្សព្វផ្សាយ កម្មវិធី«ទស្សនាទានព្រះពុទ្ធសាសនា» និងបណ្តុះបណ្តាលយុវជនខ្មែរ។

ជាក់ស្តែង នៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោក ប៉ែន វិបុល បានដឹកនាំក្រុមមន្រ្តី ជួបជាមួយ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៅវិទ្យាល័ យក្រចេះក្រុង ភូមិអូរឫស្សី ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងនោះ លោក ប៉ែន វិបុល បានលើកឡើងថា កម្មវិធី«ទស្សនាទានព្រះពុទ្ធសាសនា» បានផ្តល់ការអប់រំ និងចំណេះដឹងទូលំទូលាយដល់សិស្សានុសិស្ស ដែលបានចូលរួម ដោយកម្មវិធីនេះ បានផ្តល់ដំបូន្មានដល់ដោយ ផ្តោតសំខាន់លើការសិក្សា របស់សិស្សានុសិស្ស ជាពិសេស គឺជាកំណត់ គោលដៅ ជីវិតខ្លួនឯងថា តើនៅពេលណាគួរសិក្សា និងពេលណាមានគ្រួសារ និងកសាងអនាគតភ្លឺស្វាង និងធ្វើយ៉ាងណាឲ្យក្លាយជា ពលរដ្ឋល្អ សិស្សល្អ កូនល្អ និងចេះរក្សាឲ្យបាននូវគុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍក្នុងសង្គមជាតិ។

ចំណែកនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារនៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្នុងអគ្គនាយដ្ឋាន កិច្ចការសាសនា របស់ក្រសួងធម្មការនិងសាសនា សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែង មន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង បានចុះមករៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង។

ជាមួយគ្នានោះ សិស្សានុសិស្ស ប្រមាណជាង១០០០នាក់ នៃវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង បានប្តេជ្ញាចិត្តជៀសឆ្ងាយពីគ្រឿងញៀន និងសេពគប់បាបមិត្ត ពិសេសខិតខំសិក្សារៀនសូត្រ។

រីឯថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារនៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្នុងអគ្គនាយដ្ឋាន កិច្ចការសាសនា របស់ក្រសួងធម្មការនិងសាសនា សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ មន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ បានចុះមករៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៅវិទ្យាល័យជាស៊ីម ត្បែងមានជ័យ ភូមិកំពង់ប្រណាក់ សង្កាត់ព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះ លោក ប៉ែន វិបុល បានលើកពីការដឹងគុណមាតាបិតា លោកគ្រូអ្នកគ្រូ និងបញ្រ្ជាប នូវពុទ្ធឱវាទដល់យុវជន ឱ្យយល់ដឹង បុណ្យ បាបគុណទោស សីលធម៌ សុជីវធម៌ និងចរិយាធម៌ ក្នុងសង្គមឱ្យជៀសផុតអំពីការប្រើប្រាស់ គ្រឿងញៀនទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ អំពើអនាចារការរំលោភសេពសន្ធវៈ យល់ដឹងពីបញ្ហាសុខភាព ជំងឺអេដស៍ គ្រោះថ្នាក់ ចររាចរណ៍ និងក្មេងទំនើងជាដើម។

គួរបញ្ជាក់ថា កម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា» ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពីនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃ​ក្រសួងធម្មការ និងសាសនា ហើយរៀបចំឡើងក្នុងគោលបំណងដើម្បី អប់រំផ្សព្វផ្សាយ អំពីព្រះធម៌ និងលើកតម្លៃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងបញ្រ្ជាបពុទ្ធឱវាទដល់ សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំផ្លូវកាយ វាចា ចិត្ត ពង្រឹង សីលធម៌ សុជីវធម៌ គុណធម៌ ចរិយាធម៌ និងប្រកាន់ភ្ជាប់នូវបញ្ចសីលឬសីលប្រាំ។

ជាការកត់សំគាល់ ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕