(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កូរ៉េខាងត្បូង បានព្រមផ្តល់កូតាដល់ពលករកម្ពុជាជាង៤ពាន់នាក់ ឲ្យទៅធ្វើការនៅប្រទេសខ្លួនលើវិស័យឧស្សាហកម្ម (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម និងសំណង់) សម្រាប់ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក OH NAK-YOUNG ឯកអគ្គរដ្ឋទូតនៃសាធារណកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ។

ភាគីកូរ៉េបានឲ្យដឹងថា ចំពោះប្រព័ន្ធអនុញ្ញាតនៃមុខរបរ Employment Permit System (EPS) នាពេលថ្មីៗនេះ កូរ៉េបានផ្តល់ការអនុញ្ញាតឲ្យប្រទេសឡាវ បញ្ជូនពលករទៅបម្រើការងារនៅកូរ៉េផងដែរ ប៉ុន្តែបញ្ហានេះ គឺមិនបានប៉ះពាល់ដល់ចំនួនកូតា របស់កម្ពុជានោះឡើយ។

លោករដ្ឋមន្រ្តីបានស្នើទៅភាគីកូរ៉េ សូមបន្ថែមវិស័យសេវាកម្ម សម្រាប់ពលករទៅធ្វើការនៅកូរ៉េ ពីលើវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលមាននាបច្ចុប្បន្ន ប៉ុន្តែជាការឆ្លើយតបចំពោះបញ្ហានេះ ភាគីកូរ៉េសុំពេលពិចារណាសិន ខណៈនៅប្រទេសកូរ៉េ មិនទាន់បានគិតលើវិស័យនេះនៅឡើយទេ។

ពាក់ព័ន្ធនឹងជំនួបនេះដែរ ភាគីទាំងពីរបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការផ្តល់ឱកាសឲ្យពលករកម្ពុជា ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារនេះមានច្រើន ក្នុងនោះរួមមាន ផ្នែកអនាម័យ និងសុវត្ថិភាពការងារ ដែលភាគីកូរ៉េកន្លងមកនេះ តែងបានផ្តល់នូវការគាំទ្រខាងផ្នែកបច្ចេកទេស មកដល់ខាងពេទ្យការងារ ក្នុងការអប់រំផ្សព្វផ្សាយអំពីប្រព័ន្ធអនាម័យ សុវត្ថិភាពការងារ ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេស និងការផ្តល់ ឧបករណ៍បច្ចេកទេស សម្រាប់ការពិនិត្យស្ថានភាពសុវត្ថិភាពការងារ នៅតាមសហគ្រាសជាដើម ហើយភាគីទាំងពីរសន្យានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះថែមទៀតនាឆ្នាំបន្ទាប់៕