(សៀមរាប)៖ លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សហការជាមួយ លោក លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល «យុវទូតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៨ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ជូនដល់សិក្ខាកាមជាយុវជន យុវនារី ចំនួន២០នាក់ ឲ្យក្លាយទៅជា «យុវទូតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» ដើម្បីចូលរួមលើកកម្ពស់ ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ ឲ្យកាន់តែទូលំទូលាយ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

យុវជន យុវនារីទាំង២០នាក់នេះ បានឆ្លងកាត់ការប្រឡង វាស់ស្ទង់សមត្ថភាព ចំណេះដឹង បំណិន និងបានសម្ភាសន៍ ពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅតាមលក្ខន្តិកៈនៃការជ្រើសរើស របស់ក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងចំណោមបេក្ខជន បេក្ខនារី ដាក់ពាក្យរាប់រយនាក់ ក្នុងពេលកន្លងមកថ្មីៗនេះ។

លោក លីវ សុខុន បានបញ្ជាក់ថា យុវទូតអង្គរសង្ក្រាន្ត ពិតជានឹងរួមចំណែកដើរតួនាទីយ៉ាងសំខាន់ ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាព ដែលកើតមានឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ និងជាឆន្ទៈរួមគ្នាលើកស្ទួយអំពីព្រឹត្តិការណ៍បុណ្យអង្គរសង្រ្កាន្ត ដើម្បីចូលរួមថែរក្សាការពារ និងពង្រឹង ពង្រីកខឿនវប្បធម៌ សិល្បៈខ្មែរ ដែលបុព្វបុរស់យើងបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។ លោកបនបន្តថា ដោយយល់ឃើញច្បាស់ ពីសារៈសំខាន់នៅព្រឹត្តិការណ៍បុណ្យអង្គរសង្ក្រាន្តនេះ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ក៏ដូចជាមន្ត្រីរាជការទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយនានាក្នងខេត្ត ទាំងរដ្ឋ និងឯកជន បានចូលរួមយ៉ាងសកកម្មក្នុងផ្សព្វផ្សាយ នូវព្រឹត្តិការណ៍បុណ្យអង្គរសង្ក្រាន្ត ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជាដំណឹង សណ្តាប់ និងទស្សនាកំសាន្តសប្បាយទៅដល់បងប្អូនប្រជាពលរដ្ឋ។

លោក សោម រតនា បានថ្លែងថា ឆ្នាំនេះព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដាក់បញ្ចូល កម្មវិធី របៀបវារៈប្លែកៗជាច្រើនទៀត ក្នុងនោះមានការរៀបចំឲ្យមាន «យុវទូតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» ជាដើម។

លោកបន្តថា ការបើកវគ្គបណ្តុះបណ្តាលដល់យុវទូតនេះ ពីព្រោះពួកគាត់សុទ្ឋតែមានភាពវាងវៃ ប៉ិនប្រសព្វ និងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាំងពីលើកដំបូងមកម្ល៉េះ ហើយដើម្បីឱ្យពួកគាត់បានសិក្សាស្វែងយល់បន្ថែមទៀត ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងផ្តល់ឱកាសដល់ពួកគាត់យល់ដឹង អំពីអាកប្បកិរិយា ចរិកលក្ខណៈ ដើម្បីឱ្យសមជាយុវទូតអង្គរសង្ក្រាន្ត លើសពីនេះ វគ្គបណ្តុះបណ្តាល ក៏នឹងផ្តល់ឱ្យគាត់នូវបុព្វហេតុ និងគោលបំណងសំខាន់ៗ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើង៕