(ភ្នំពេញ)៖ នៅថ្ងៃសុក្រ១៥រោចខែផល្គុន ឆ្នាំរកានព្វស័ក ព ស ២៥៦១ត្រូវថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញនៅផ្សារបឹងត្របែក និងផ្សារបឹងកេងកង ក្នុងខណ្ឌចំការមន ។

ក្នុងប្រតិបត្តិការចុះពិនិត្យនេះមន្ត្រីកាំកុងត្រូល បានបញ្ជាក់ថា​ ដោយមានការណែនាំពីលោក ប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ​ ដើម្បីត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ។

ក្នុងនោះមន្ត្រីជំនាញបានធ្វើតេសបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា៖ សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារនិងនំបាញ់ឌុក ដើម្បីរកសារធាតុគីមីហាមឃាត់ ជាលទ្ធផល បានរកឃើញមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងនំបាញ់ឌុកទម្ងន់ 1,4kg ត្រូវបានដកហូតកំទេចចោលនៅ និងកន្លែង និងធ្វើសន្យាបញ្ជប់ការទទួលលក់រហូតដល់ធ្វើការ កែប្រែគុណភាពហើយ។ ព្រមទាំងបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករនិងអ្នកប្រើប្រាស់អោយកយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ទូនទៅមន្ទីរពិសោធិ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្ត។

ជាមួយគ្នានោះមន្ត្រីកាំកុងត្រូល​ បានណែនាំយ៉ាងទទូចដល់បងប្អូនអាជីវករដែលលក់បន្លែ ចំណីអាហារ និងគ្រឿងឧបភោគបរិភោព នៅពេលដែលទទួលយកមកលក់បន្ត ត្រូវណែនាំដល់ម្ចាស់ដើមកុំឲ្យដាក់នូវសារធាតុគីមីផ្សេងៗ ហើយនៅពេលដែលយកមកលក់ហើយនោះ កុំបន្ថែមនូវសារធាតុគីមីហាមឃាត់ ដែលបង្កហានិភ័យនិងផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះ យើងជាអ្នកលក់អាចប្រឈមនៅចំពោះមុខច្បាប់ថែមទៀតផង៕