(ព្រះវិហារ)៖ ក្រុមការងារត្រួតពិនិត្យយានយន្តខេត្តព្រះវិហារ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស តាមគោលដៅនានាទូទាំងខេត្ត ចាប់ពីថ្ងៃអនុវត្តយុទ្ធនាការដំបូង ពោលចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមការងារបានត្រួតពិនិត្យរថយន្តជិត៣ពាន់គ្រឿង ក្នុងនោះ រកឃើញរថយន្តដឹកសំពីងសំពោងចំនួន៤៦០គ្រឿង ធ្វើការពិន័យរថយន្តមួយគ្រឿងដឹកលើសទម្ងន់ និងរថយន្តតទ្រុងកែច្នៃ ខុសបច្ចេកទេសចំនួន៣៥គ្រឿង ដោយបានកាត់ចោល នៅនឹងកន្លែងតែម្តង ព្រមទាំងផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គណៈកម្មការក្រុមការងារត្រួតពិតនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្ត បានចុះត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់។ ជាលទ្ធផលបានឃាត់រថយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស ចំនួន៣៥គ្រឿង ដោយកាត់ទ្រុងចោលនៅនឹងកន្លែងតែម្ដង។

លោកបន្តថា ក្នុងចំណោមរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំង៣៥គ្រឿងនេះ មានរថយន្តមួយគ្រឿង មិនត្រឹមតែកែច្នៃខុសលក្ខណៈបច្ចេកទេសទេ គឺដឹកលើសទម្ងន់ (ដឹកថ្ម) រហូត១៧តោនឯណោះ។ ចំពោះការអនុវត្តរបស់ក្រុមការងារ បានធ្វើការពិន័យរថយន្តដែលដឹកលើសទម្ងន់នេះ មួយតោន៣០ម៉ឺនរៀល គុណឲ្យ១៧តោន ស្មើនឹងថវិកា ៥,២៤៤,០០០រៀលបង់ចូលរដ្ឋ ក្រៅពីនោះឲ្យរើទម្ងន់ដែលលើសទម្លាក់ចុះ និងកាត់ទ្រុងដែលកែច្នៃខុសបច្ចេកទេសចេញ ទើបអនុញ្ញាតឲ្យចរាចរណ៍ទៅមុខទៀតបាន។

លោកបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃអនុវត្តយុទ្ធនាការទូទាំងប្រទេសរយៈពេលជាងមួយខែកន្លងទៅនេះ លោកសង្កេតឃើញថា ម្ចាស់រថយន្តមួយចំនួនធំ គាត់មានការភ្ញាក់រលឹកអនុវត្តតាមច្បាប់។ ទន្ទឹមនិងនោះ ក៏មានម្ចាស់រថយន្តមួយចំនួនតូច គាត់មិនបានអនុវត្តតាមច្បាប់ តាមការណែនាំនោះទេ នៅតែបើកបររថយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស នៅតាមផ្លូវនានាជាធម្មតា។

លោកបញ្ជាក់ផងដែរថា សម្រាប់ខេត្តព្រះវិហាររថយន្តប្រភេទនេះ គឺមិនអាចលើកលែងឲ្យបានជាដាច់ខាត ឲ្យតែក្រុមការងារវាស់វែងឃើញថា ខុសលក្ខណៈបច្ចេកទេស គឺត្រូវចាត់ការតាមច្បាប់។ លោក សំ លាងទ្រី ក៏សូមអំពាវនាវឲ្យម្ចាស់រថយន្តផ្សេងៗទៀត ត្រូវចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ ឲ្យបានគ្រប់ៗគ្នា គឺមិនត្រូវកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ជាដាច់ខាត។

លោកបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃអនុវត្តយុទ្ធនាការដំបូង ពោលចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៥ខែមិនាឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្តខុស បច្ចេកទេស ឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមគោលដៅនានា ក្នុងខេត្តជាលទ្ធផលរួមមាន៖

* រថយន្តត្រូវធ្វើការត្រួតពិនិត្យ ២,៤២២គ្រឿង
* រថយន្តពិនិត្យឃើញត្រឹមត្រូវ ១,១៣៦គ្រឿង
* រថយន្តបានណែនាំដឹកសំពីងសំពោង ៤៦០គ្រឿង
* រថយន្តពុំមានឯកសារគ្រប់គ្រាន់ ៣៨៧គ្រឿង
* រថយន្តត្រូវបានដោះចង្អើរកន្ទុយ ១២៨គ្រឿង
* រថយន្តគ្មានស្លាកលេខ ៦៩គ្រឿង
* ម្ចាស់រថយន្តគ្មានបណ្ណ័បើកបរ ១៩៩នាក់
* កាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេសចំនួន ៣៥គ្រឿង និងធ្វើការពិន័យជាប្រាក់រថយន្តដឹកលើសទម្ងន់មួយគ្រឿងផងដែរ៕