(ភ្នំពេញ)៖ យ៉ាងហោចណាស់មានអ្នកជាប់ការងារស្ថាពរចំនួន១២៨ នាក់ ខណៈអ្នកជាប់បឋមមានចំនួន២២២នាក់ នេះបើតាមការប្រាប់ឲ្យដឹងរបស់ក្រុមហ៊ុនដែលចូលរួមសម្ភាសការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងកាលពី ថ្ងៃទី១៥ខែ មីនា ម្សិលមិញនេះ។

បើតាមការឲ្យដឹងពីក្រុមការងាររបស់មជ្ឈមណ្ឌលការងារភ្នំពេញ បានឲ្យដឹងថាសម្រាប់វេទិកាការងារនៅថ្ងៃទី១៥ ខែមិនាកន្លងទៅនេះ មានក្រុមហ៊ុនចំនួន៦ចូលរួម ក្នុងនោះមានផ្សារទំនើប AEON មានអ្នកជាប់ស្ថាពរ៨៦នាក់ និងបឋម ៣៥នាក់ ក្រុមហ៊ុន GFX Investment ជាប់ស្ថាពរ៣៦នាក់ ក្រុមហ៊ុន Mega Leasing PLC ជាប់ស្ថាពរ៦នាក់ ជាប់បឋម១០នាក់ ធានាគារ ABA ជាប់បឋម ១៥២ នាក់ ក្រុមហ៊ុន G-Gear Co,Ltd ជាប់បឋម១៥នាក់ និងភោជនីដ្ឋាន Saki saki ជាប់បឋម ១០នាក់។

ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ លោក អាំង ភារៈ បានឲ្យដឹងថា ជារៀងរាល់ខែមជ្ឈមណ្ឌលការងារ តែងតែសហការជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីរៀបចំវេទិកាការងារ ជួយដល់អ្នកស្វែងរកការងារធ្វើ។ លោកបានបញ្ជាក់ទៀតថា «តាមពិតទៅតាមសូចនាកររបស់យើង មួយខែ យើងរៀបចំវេទិកាការងារនេះតែម្តងប៉ុណ្ណោះ តែដោយមានការស្នើសុំ នឹងគាំទ្រពីម្ចាស់ក្រុមហ៊ុនភាគច្រើន យើងក៏រៀបចំវេទិកាការងារនេះពីរដងក្នុងមួយខែវិញ»

លោកភារៈបានបន្ថែមថា «ពីមុនយើងពិបាករកបេក្ខជន ឲ្យចូលរួមសម្ភាសការងារក្នុងកម្មវិធីនេះណាស់ វេទិកាការងារម្តងៗមានអ្នកចូលរួមស្ទើរតែមិនបាន១០០នាក់ផង ដោយសារតែអ្នកស្វែងរកការងារធ្វើគាត់មិនសូវស្គាល់ NEA តែបច្ចុប្បន្ននេះក្នុងវេទិកាម្តងៗមានអ្នកចូលរួមមិនក្រោមពី៥០០នាក់នោះទេ ជាក់ស្តែង សម្រាប់វេទិកាការងារម្សិលមិញនេះ មានអ្នកចូលរួមជិត៧០០នាក់ នេះក៏ជាភាពជោគជ័យរបស់យើងមួយ ក្នុងបេសកម្មជួយស្វែងរកការងារធ្វើដល់អ្នកកំពុងត្រូវការការងារ។ ព័ត៌មានពិតជាមានសារៈសំខាន់ សម្រាប់យុវជន ជាពិសេសអ្នកស្វែងរកការងារ ហើយខ្ញុំសង្ឃឹមថា អ្នកដែលកំពុងស្វែងរកការងារទំាងអស់ នឹងព្យាយាមស្វែងរកប្រភពព័ត៌មានការងារមួយដែលច្បាស់លាស់ និងទុកចិត្តបាន ហើយ NEA ក៏ដូចជាមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ជាប្រភពព័ត៌មានមួយដែលអាចជឿជាក់បាន»

ជាមួយគ្នានេះលោក ភារៈ បានបញ្ជាក់ថាវេទិកាការងារដូចគ្នានេះដែរ នឹងរៀបចំឡើងនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ មួយទៀត ដោយមានក្រុមហ៊ុន៦ចូលរួមសហការ ក្នុងនោះមាន Naga World, ក្រុមហ៊ុន Express Food Group (EFG), ក្រុមហ៊ុន ស៊ីងហាក់ហួត,មីក្រូហិរញ្ញវត្ថុជោគជ័យ Chok Chey Finance PLC,ក្រុមហ៊ុន GFG Investment និង អង្គការ Digital Divide Data ដែលមានតម្រូវការបុគ្គលិក៦១៥នាក់។

លោកបានប្រាប់ដល់ យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរី នៅក្នុងវេទិកាការងារជារៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕