(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៦ លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជូនទៅកាន់សភា។

សិក្ខាសិលានេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការចូលរួមពីក្រុមអ្នកច្បាប់ នៃគណៈមេធាវីកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធពីវិស័យច្បាប់ជាតិ និងអន្តរជាតិជាច្រើនទៀត។

លោក សាយ សំអាល់ បានថ្លែងថា សិក្ខាសាលានេះ គឺពង្រឹងធាតុបន្ថែមពីក្រុមអ្នកច្បាប់កម្ពុជា ដើម្បីឱ្យក្រមបរិស្ថាន ដែលជាក្រមធនធានធម្មជាតិដំបូងរបស់កម្ពុជា អាចក្លាយជាយន្តការច្បាប់ថ្នាក់ជាតិដ៏ល្អប្រសើរ និងទទួលយកបានសម្រាប់ការអនុវត្តក្នុងទិសដៅការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់ពលរដ្ឋជំនាន់ក្រោយ។ បន្ថែមពីនេះ គឺដើម្បីឱ្យក្រមនេះ ក្លាយជាខ្នាតបែងចែងតួនាទីភារៈ សម្រាប់អ្នកទទួលខុសត្រូវដែលពាក់ព័ន្ធផងដែរ។

លោក សាយ សំអាល់ បានគូសបញ្ជាក់ពីសារសំខាន់នៃសិក្ខាសាលានេះថា គឺដើម្បីបន្ស៊ីគ្នារវាងខ្លឹមសារបច្ចេកទេសពីក្រុមជំនាញនៃក្រសួងបរិស្ថាន និងបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗទៀត ទៅនឹងខ្លឹមសារនៃច្បាប់ដើម្បីធានាបាននូវការអនុវត្តប្រកបដោយលទ្ធផលល្អប្រសើរ និងទទួលយកបាន ក្នុងទិសដៅការពារធនធានធម្មជាតិកម្ពុជាដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ជាឱកាសនៃសុខសន្តិភាពដែលកម្ពុជាមាន ដូចនេះការបង្កើតក្រមបរិស្ថាន គឺជាកិច្ចការចាំចាច់ដើម្បីពង្រឹងបន្ថែមនូវយន្តការជាតិក្នុងការការពារ និងគ្រប់គ្រងធនធានធម្មជាតិ។

សូមរម្លឹកថា ក្រៅពីសិក្ខាសាលាថ្នាក់ជាតិទាំង៦លើកនេះ ក្រសួងបរិស្ថានដែលជាអ្នកផ្តួចផ្តើមគំនិត បានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន ៥ដងរួចមកហើយ ដែលមានការចូលរួមពីគ្រប់ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងថ្នាក់សភាផងដែរ ហើយនេះ នៅមិនទាន់រាប់បញ្ចូលក្នុងការពិភាក្សា និងជជែកផ្ទៃក្នុងក្រសួង និងក្រសួងពាក់ព័ន្ធ និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញអន្តរជាតិ។

សូមជម្រាបជូនផងដែរថា សេចក្តីព្រាងក្រមបរិស្ថាននេះ បានឈានដល់កំណែទី១០ របស់ខ្លួនហើយដោយក្រមនេះមានគន្ធី១២ និងមានមាត្រាចំនួន១០៦៤ មានទិសដៅការពារបរិស្ថានដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះមហន្តរាយ និងការខូចខាតបរិស្ថាន និងការអភិរក្ស គ្រប់គ្រង ស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី រួមទាំងលើកកម្ពស់សុខុមាលភាពសង្គមជាដើម៕