(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាអតីតមន្រ្តីយោធា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងកាន់កាប់អាវុធខុសច្បាប់ ក្រោយពីរូបគេ បានរត់គេចខ្លួនអស់មួយរយៈ។

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ជនត្រូវចោទស្ថិតក្រោមការសាកសួររបស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ មុនពេលសម្រេចថា ត្រូវឃុំខ្លួន ឬមិនឃុំខ្លួន។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ម៉ុម ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ DJ នៅក្លឹបមួយក្នុងក្រុងភ្នំពេញ និងជាអតីតមន្ត្រីយោធា មានទីលំនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបន្ថែមថា ជនត្រូវចោទត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យជោរៃ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅចំណុចសណ្ឋាគារមេគង្គវីយូ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ៕