(ភ្នំពេញ)​៖ ក្រោយ​បញ្ចប់​សវនាការ​ នៅ​ថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ​ តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី២រូប​ ក្នុង​ពន្ធនាគារ​ដដែល​ ពោល​គឺ​មិន​ព្រម​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះទេ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​កែវ​ វ៉ាន្នី​ មេធាវី​ការពារ​សិទ្ធិ​ជនត្រូវចោទ​ទាំង​ពីរ​នាក់​។

គួរ​បញ្ជាក់​ថា​ មន្ត្រី​នគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះសមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀតនោះ គឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។

មន្ត្រី​នគរបាលជាន់ខ្ពស់ដដែលនោះបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វើឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មើសថ្មី ក្នុងចំណោមបទជាច្រើនផ្សេងទៀត។

អតីត​បុគ្គលិក​អាស៊ីសេរី​២រូប ​គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​អាជ្ញាធរ​​ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។

តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយ ដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស៕

រូបភាពខាងក្រោមនេះ អង្គភាព Fresh News ទទួលបានពីសមត្ថកិច្ច៖