(ភ្នំពេញ)៖ អភិបារាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ចុះជូបកម្មករ-កម្មការិនីតាមលំនៅឋាន បន្ទប់ជួល ដោយពិនិត្យថា តើមានបងប្អូនកម្មករ ដែលរស់នៅតាមបន្ទប់នោះ មានភ្លើងរដ្ឋតម្លៃ៦១០រៀល ប្រើប្រាស់ហើយឬនៅ? បើបងប្អូនកម្មករ មិនទាន់មានទេ ត្រូវរាយការណ៍មកគាត់ ដើម្បីគាត់ចាត់ក្រុមការងារ ចុះភ្ជាប់បណ្តាញភ្លើងរដ្ឋ ជូនបងប្អូនកម្មករទាំងនោះ បានប្រើប្រាស់ទាន់ពេលវេលា។

ពាក់ព័ន្ធបញ្ហាលូទឹកនៅខណ្ឌមានជ័យ ដែលប្រជាជនបានស្នើសុំសម្តេច កាលនៅក្រុងព្រះសីហនុនោះ អភិបាលរាជធានីលោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ស្ទឹងមានជ័យទាំង៣ ត្រូវចុះជួបផ្ទាល់ជាមួយប្រជាជន ដោយសិក្សារកលទ្ធភាពដើម្បីធ្វើជូនប្រជាពលរដ្ឋ តាមការស្នើសុំ។

លោក ឃួង ស្រេង លើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹក លូ៥ មួយកន្លែងទៀត ដើម្បីបូមទឹករំដោះការលិចលង់ ជូនប្រជាពលរដ្ឋ៣ខណ្ឌជាយក្រុង ដែលពិធីនេះធ្វើឡើង ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទនិងប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ស្ថានីយបូមទឹកលូ៥ ត្រូវបានស្ថាបនាឡើងនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យ និងខណ្ឌដង្កោ ហើយប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះផងដែរ។

លោកបន្តថា ស្ថានីយ៍បូមទឹកលូ៥ ដែលបើកការដ្ឋានស្ថាបនានៅពេលនេះ នឹងត្រូវសាងសង់អគារថ្មីបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក៤គ្រឿង ក្នុងនោះ បំពង់មុខកាត់ ៨តឹក២គ្រឿងនិងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថភាពបូមទឹក បាន៨ម៉ែត្រគូប ក្នុងមួយវិនាទី និង២៨០០ម៉ែត្រគូបក្នុងម៉ោង។

ក្រោយការស្ថាបនារួច នឹងអាចរំដោះទឹកបាននៅតំបន់ ដែលធ្លាប់លិចលង់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះផងដែរ៕