(ប៉ៃលិន)៖ នៅសាលាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្ត សហការជាមួយអង្គការមូលនិធិដើមត្នោតកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីការរំលូតកូន ការគ្រប់គ្រងឳសថ ការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងជំនួយវេជ្ជសាស្រ្ត ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ ទូទាំងខេត្តប៉ៃលិន។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក អាង នាង ប្រធានមន្ទីរសុខាភិបាល លោកវេជ្ជបណ្ឌិត ចន ណាប៉ូនិក ប្រធានអង្គការមូលនិតិដើមត្នោតកម្ពុជា និងលោក លោកស្រីអភិបាលរងក្រុង ស្រុក កងកម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើននាក់ផងដែរ។

លោកវេជ្ជបណ្ឌិត ចន ណាប៉ូនិក បានលើកឡើងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដើម្បីយល់ដឹងពីច្បាប់ និងនិតិវិធី ក្នុងការ ទប់ស្កាត់ ការសង្រ្គោះស្ត្រីកុំឲ្យរំលូតកូន និងការកាត់បន្ថយអត្រាគ្រោះថ្នាក់លើមាតា ក្នុងន័យលើកកម្ពស់ និងបម្រើជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសុខភាពជូនប្រជាពលរដ្ឋឲ្យប្រសើឡើង។ លោករម្លឹកថា លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋពីវិធីសាស្រ្ត នៃការថែទាំកុំឲ្យរលូតកូនដើម្បីកុំអោយគ្រោះថ្នាក់ដល់មាតា។

លោក ចេង ញ៉ាន់ បានមានប្រសាសន៍កោតសសើរដល់មន្ទីរសុខាភិបាល និងអង្គការមូលនិធិដើមត្នោតកម្ពុជា ដែលបានបណ្តុះបណ្តាល និងបង្កើនចំណេះដឹងជំនាញដល់លោកគ្រូ អ្នកគ្រូពេទ្យ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព ជាពិសេសចូលរួមទប់ស្កាត់ស្រ្តីមានផ្ទៃពោះកុំអោយមានគ្រោះថ្នាក់ដោយរលូតកូន និងការកាត់បន្ថយគ្រោះថ្នាក់ដល់មាតា។ លោកបានបន្តថា លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវយកចំណេះដឹងដែលបានរៀនសូត្រទៅអនុវត្តន៍ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងពីសារៈសំខាន់នៃការថែរក្សាស្រ្តីមានផ្ទៃពោះ និងការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវ ស្រមតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខមាលភាពមាតាទារក។

បើតាមការបញ្ជាក់ពីលោក អាង នាង បានឲ្យដឹងថា ស្រ្តីភាគច្រើននៅកម្ពុជា ជួបប្រទះបញ្ហាផ្នែកសុខភាពបន្តពូជឆ្នាំ២០១៤ បានបង្ហាញលទ្ធផលអត្រាស្លាប់របស់ម្តាយ និងការបង្កកំណើតថយចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា នៅឆ្នាំ២០០៥ អត្រាស្លាប់ម្តាយ៥៧២នាក់ បានថយចុះដល់២០៦នាក់នៅឆ្នាំ២០១០ និងបន្តថយចុះដល់១៧០នាក់នៅឆ្នាំ២០១៥ លើទារក ១សែនកំណើតរស់។ នៅឆ្នាំ២០១៧នេះ មានស្រ្តីចំនួន១៥៨៧នាក់បានសម្រាលកូន ហើយបានទទួលការបណ្តុះបណ្តាលស្មើនឹង៩៤%នៃស្ត្រីទាំងអស់។ ការសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យបង្អែកបាន៣.៥៩%ធៀបនឹងចំនួនសម្រាលសរុប។ ចំនួនស្រ្តីមានគភ៌ទទួលបានការពិនិត្យផ្ទៃពោះមុនសម្រាលស្មើនឹង១០០% និងពិនិត្យ៤ដងបាន៨៤%។

ដោយឡែកនៅខេត្តប៉ៃលិនមានស្រ្តីសម្រាលសរុបចំនួន១២៧៦នាក់ មានរំលូត២នាក់ រលូត៦១នាក់នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ មានរំលូត៩នាក់ រលូត៨៧នាក់។ បើតាមលោក អាង នាង បានឲ្យដឹងទៀតថា សេវាឯកជនក្នុងខេត្តប៉ៃលិនមានចំនួន៩០កន្លែង ជាគ្លីនិកឱសថស្ថាន៕