(ភ្នំពេញ)៖ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ នៅតាមបណ្តោយផ្លូវជាតិលេខ១ នាខណ្ឌច្បារអំពៅ បានអះអាងថា គម្រោងលំនៅដ្ឋាន នៅតំបន់ផ្លូវនេះ កំពុងមានទីផ្សារខ្ពស់ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ឱ្យដំណើរការជាផ្លូវការនូវផ្លូវ៤គន្លងដែលមានលក្ខណៈធំទូលាយ។

លោក អាន រ៉ាឌី អគ្គនាយកក្រុមហ៊ុន បុរីមង្គលភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា សក្តានុពលរបស់តំបន់នេះ ធ្វើឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវជាតិលេខ១ ដែលទើបតែបញ្ចប់ការសាងសង់ថ្មីៗនេះ និងដាក់សម្ភោធ ដាក់ឱ្យប្រើប្រាស់ដោយ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងឆាប់រហ័ស ហើយមិនតែប៉ុណ្ណោះ តំបន់នេះគឺជាតំបន់អំណោយផលក្នុងការរស់នៅត្រជាក់ត្រជុំ។

លោកបានបន្តថា ដោយសារតែសក្តានុពលនេះហើយ ទើបក្រុមហ៊ុនរបស់លោក បានវិនិយោគលើគម្រោងលំនៅដ្ឋាន មួយថ្មីទៀត ដែលជាគម្រោងទី៥ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជា១០នាទីពីស្ពានច្បារអំពៅ។ គម្រោងថ្មីនេះ កំពុងតែមានសន្ទុះសាងសង់យ៉ាងលឿន ដើម្បីបំពេញតម្រូវការនិងការចង់បានរបស់អតិថិជន និងសន្ទុះរីកចម្រើននៅក្នុងតំបន់។

លោកបានបញ្ជាក់ទៀតថា នេះជាតំបន់ដែលមានសក្តានុពលខ្ពស់ ដោយសារតែសន្ទុះនៃការរីកចម្រើនឆាប់រហ័ស ដូចជាមានហាងល្បីៗ និងធំចាប់ផ្តើមដាក់បើក និងដាក់ទីតាំងនៅក្នុងតំបន់នេះព្រមទាំងមានហេដ្ឋរចនាសម្ព័នុ្ធ ល្អគ្រប់គ្រាន់សម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម។

លោកបានបន្តទៀតថា «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងទី៥ និងជោគជ័យ ដូចគម្រោងមុនៗដូច្នេះដែរ ដោយសារតែ យើងមានទីតាំងគម្រោងល្អ និងម៉ាកសញ្ញារបស់បុរីមង្គលភ្នំពេញមានគេស្គាល់ច្រើនរួចមកហើយ»

ម្កំណាត់ផ្លូវជាតិលេខ១ ដែលមាន៤គន្លងផ្លូវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល បានអះអាងថា កំណាត់ផ្លូវដែលសាងសង់ដោយក្រុមហ៊ុនជប៉ុន ត្រូវបានសាងសង់ឡើងដោយមានគុណភាពខ្ពស់បំផុត។ ក្នុងនោះគ្រឹះផ្លូវមានកម្រាស់រហូតដល់ ៦៥សង់ទីម៉ែត្រ និងស្រទាប់ខាងលើ ចាក់បេតុងកៅស៊ូ (AC) កម្រាស់ ២០សង់ទីម៉ែត្រ ដែលធ្វើឲ្យកំណាត់ផ្លូវនេះ មានកម្រាស់បេតុងកៅស៊ូក្រាស់ជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនោះកំណាត់ផ្លូវនេះ មានទទឹងចាប់ពី ២៥ម៉ែត្រ រហូតដល់ ៣៩ម៉ែត្រ ក្នុងនោះ មាន ៤គន្លងសម្រាប់រថយន្ត (២ទៅ, ២មក) ២គន្លង សម្រាប់ម៉ូតូ (១ទៅ, ១មក) និងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងចាប់ពី ១ម៉ែត្រ រហូតដល់ ៨,៥០ម៉ែត្រ ដែលមានបង្កប់លូមូលនៅខាងក្រោមផងដែរ ដើម្បីរំដោះទឹក កុំឲ្យលិចផ្លូវ ជាពិសេស នារដូវវស្សា៕