(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ជាកន្លែងប្រមូលផ្តុំ នូវប្រព័ន្ធអប់រំចំនួន៧ ក្នុងចំណោម ប្រព័ន្ធអប់រំ មានដំណើរការខ្ពស់ចំនួន១០ នៅទូទាំងពិភពលោក ដោយក្នុងនោះ ប្រទេសចិន និងប្រទេសវៀតណាម បានបង្ហាញវឌ្ឍនភាពជាដុំកំភួនច្រើន ក្នុងការបង្កើនគុណភាព បង្រៀន នៅតាមសាលារៀន នៅក្នុងប្រទេសរៀងៗខ្លួន។

នេះបើតាមយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា វឌ្ឍនភាពនេះ ជាសមិទ្ធផលធំធេងមួយ ដែលផ្តល់មេរៀនមានសារសំខាន់ ដល់បណ្តាប្រទេសឯទៀត នៅជុំវិញពិភពលោក។ យ៉ាងណាក៏ដោយ មួយផ្នែកធំនៃតំបន់នេះ នៅមានសិស្ស រហូតដល់ ទៅ៦០ភាគរយ ដែលកំពុងរៀននៅតាមសាលា ដែលដំណើរការខ្វះគុណភាព ក្នុងការបំពាក់ឲ្យពួកគេនូវជំនាញ ចាំបាច់សម្រាប់ឈាន ទៅសម្រេចជោគជ័យនាអនាគត។

របាយការណ៍ដែលមានចំណងជើងថា «ភាពឈ្លាសវៃកាន់តែប្រសើរឡើង៖ ការៀន និងការអភិវឌ្ឍប្រកប ដោយសមធម៌ នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក» បានបង្ហាញថា ការកែលម្អ គុណភាព អប់រំឲ្យកាន់តែប្រសើរ គឺជាការចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ហើយរំលេចឲ្យឃើញនូវវិធីនានា ដែលប្រទេសមួយចំនួនក្នុងតំបន់នេះ បានអនុវត្តដើម្បីបង្កើនលទ្ធផល នៃការរៀនកន្លងមក។

ដោយដកស្រង់មេរៀន ពីប្រព័ន្ធអប់រំដែលមានភាពជោគជ័យ នៅក្នុងតំបន់ របាយការណ៍នេះ បានផ្តល់អនុសាសន៍ជាក់ស្តែងមួយចំនួន សម្រាប់រៀបចំគោលនយោបាយគន្លឹះ ឈានទៅលើកកម្ពស់ការរៀន ដើម្បីជួយឲ្យសិស្ស ទទួលបានជំនាញមូលដ្ឋាន ក្នុងការអាន និងមុខវិជ្ជាគណិតសាស្ត្រ ក៏ដូចជាក្នុងមុខជំនាញស្មុគស្មាញឯទៀត ដែលជាភាពចាំបាច់សម្រាប់បំពេញ តម្រូវការទីផ្សារពលកម្មនាពេលអនាគត។   

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា «ការផ្តល់ការអប់រំ មានគុណភាពខ្ពស់ដល់កុមារ ទោះជាពួកគេកើតនៅទីណា ក៏ដោយ វាមិនមែនគ្រាន់តែ ជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ។ វាជាមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចរឹងមាំ ហើយវាជាវិធីដ៏ល្អបំផុត សម្រាប់បញ្ឈប់និងទាញថយក្រោយវិញ នូវវិសមភាព ដែលកំពុងតែកើនឡើង»។

មួយភាគបួននៃកុមារ គ្រប់អាយុចូលរៀន នៅលើពិភពលោក ចំនួនប្រហែល ៣៣១លាននាក់ កំពុងរស់នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ នៅក្នុងចំណោមមួយភាគបួននេះ មាន រហូត ដល់ទៅជិត៤០ភាគរយទៅរៀន នៅក្នុងប្រព័ន្ធអប់រំ ដែលសិស្សទទួលបានចំណេះដឹង ឈានមុខជាងសិស្សធម្មតា នៃប្រព័ន្ធអប់រំក្នុង បណ្តាប្រទេសជាសមាជិក នៃអង្គការ ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ទៅទៀត។

សាលារៀនបែបនេះ មិនមែនមានតែនៅក្នុងប្រទេសអ្នកមាន តួយ៉ាងប្រទេសសិង្ហបុរី សាធារណរដ្ឋកូរ៉េ និងជប៉ុន នោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសមានចំណូលមធ្យមដែរ ដូចជា ប្រទេសចិន និងប្រទេសវៀតណាម ជាដើម។ ហើយដូចរបាយការណ៍ បានរំលេចប្រាប់ផងដែរថា ការរៀនចេះរបស់កុមារមិនចាំបាច់ថា ត្រូវតែផ្សារភ្ជាប់ជាមួយ នឹងកម្រិតប្រាក់ចំណូល របស់ប្រទេសនីមួយៗនោះទេ។ ជាឧទាហរណ៍ គិតត្រឹមអាយុ១០ឆ្នាំ សិស្សវៀតណាម ជាមធ្យមរៀនពូកែទាំងអស់ ប៉ុន្តែប្រទេសឥណ្ឌា ប៉េរូ និងអេត្យូពីមានតែសិស្សកំពូលៗទេ ដែលរៀនពូកែ។

ប៉ុន្តែប្រទេសជាច្រើន នៅក្នុងតំបន់នេះ មិនទទួលបានលទ្ធផល ដែលគេប្រាថ្នាចង់បាននោះឡើយ។ ឧទាហរណ៍ នៅប្រទេសឥណ្ឌូនេស៊ី ពិន្ទុធ្វើតេស្តបង្ហាញឲ្យឃើញថា សិស្សនៅក្នុង ប្រទេសទាំងនោះ រៀនយឺតជាងបីឆ្នាំ បើប្រៀបទៅនឹងសិស្សស្របាលគ្នា ដែលរៀនចេះស្ទាត់ជំនាញនៅក្នុងប្រទេសឯទៀតក្នុងតំបន់នេះ។ នៅក្នុងប្រទេស តួយ៉ាង កម្ពុជា និងទីម័រ ឡេស្តេ មួយភាគបី ឬលើសនេះ នៃសិស្សថ្នាក់ទី២ នៅតែមិនអាចអានដាច់សូម្បីតែមួយពាក្យ ក្នុងការធ្វើតេស្តអំណាន។

ការរកឃើញជាគន្លឹះមួយទៀត របស់របាយការណ៍នេះ គឺនៅត្រង់ថា នៅទូទាំងតំបន់ ចំណូលគ្រួសារមិនបានកំណត់ថា ជាកត្តាកំណត់ជោគជ័យ នៃការសិក្សាអប់រំរបស់កុមារឡើយ។ ឧទាហរណ៍ នៅប្រទេសវៀតណាម និងប្រទេសចិន (នៅទីក្រុងប៉េកាំង សៀងហៃ ខេត្តជៀងស៊ូ និងខេត្តគ័ងតុង) សិស្សមកពីគ្រួសារក្រីក្រ ទោះជាមិនពូកែជាងក៏ដោយ ក៏រៀនចេះ បានល្អ ក្នុងមុខវិជ្ជាគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ដូចគ្នានិងសិស្សអាយុស្របាលគ្នា នៅក្នុងបណ្តាប្រទេសសមាជិក នៃអង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ដែរ។       

លោក Jaime Saavedra នាយកជាន់ខ្ពស់ផ្នែកវិស័យអប់រំ របស់ធនាគារពិភពលោក បានថ្លែងថា «គោលនយោបាយមានប្រសិទ្ធិភាព សម្រាប់ការជ្រើសរើស ការលើកទឹកចិត្ត និងការ គាំទ្រ ដល់គ្រូបង្រៀន រួមទាំងការអនុវត្តល្អៗ នៅក្នុងថ្នាក់រៀន គឺជាអ្វីដែលកំណត់ បានថាតើសិស្សរៀនចេះបានប៉ុនណា។ សម្រាប់អ្នកតាក់តែង គោលនយោបាយដែលកំពុងស្វះស្វែង ធ្វើការកែលម្អប្រព័ន្ធសាលារៀន ក្នុងប្រទេសរបស់ខ្លួន ការបែងចែកថវិកា ដែលមានស្រាប់ប្រកបដោយប្រសិទ្ធផល រួមទាំងការប្តេជ្ញាផ្នែកនយោបាយខ្ពស់ អាចនាំមកនូវការប្រែប្រួល ពិតប្រាកដបាន នៅក្នុងជីវិតរបស់កុមារ នៅទូទាំងតំបន់នេះ»។
របាយការណ៍នេះ ដាក់ចេញនូវជំហានជាក់ស្តែងមួយចំនួន សម្រាប់កែលម្អការរៀន នៅក្នុងប្រព័ន្ធអប់រំ ដែលកំពុងមានភាពយឺតយ៉ាវ នៅក្នុងតំបន់ និងនៅក្រៅតំបន់ ដោយផ្តើមចេញពីការ ធ្វើយ៉ាងណាឲ្យបណ្តាស្ថាប័ន ក្នុងប្រទេសដើរស្របគ្នា ដើម្បីឲ្យគោលបំណង និងការទទួលខុសត្រូវ នៅក្នុងប្រព័ន្ធអប់រំ មានសង្គតិភាពជាមួយគ្នា។ ក្រៅពីនេះ របាយការណ៍ ក៏បានស្នើ សុំផងដែរ សូមឲ្យមានការផ្តោតទៅលើវិស័យគន្លឹះចំនួនបួន គឺការចំណាយសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ការត្រៀមលក្ខណៈសិស្សសម្រាប់ការរៀនសូត្រការ ជ្រើសរើស និងការឧបត្ថម្ភគាំទ្រដល់គ្រូ និងការប្រើប្រាស់ ជាលក្ខណៈប្រព័ន្ធនូវការវាយតម្លៃ សម្រាប់កែលម្អការបង្រៀន។

របាយការណ៍នេះរកឃើញថា ប្រព័ន្ធអប់រំ ដែលមានដំណើរការល្អ ចាយថវិកាប្រកបដោយប្រសិទ្ធផល ទៅលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងទៅលើគ្រូ មាននីតិវិធីជ្រើសរើស បុគ្គលិក សម្រាប់ធ្វើយ៉ាងណាទាក់ទាញ ឲ្យបានបេក្ខជនល្អបំផុត យកមកបង្រៀន និងមានរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍មួយ ដែលផ្តល់រង្វាន់គ្រូបង្រៀនណា ដែលបំពេញកិច្ចការ បានល្អនៅក្នុងថ្នាក់ រៀន។ លើសពីនេះ របាយការណ៍រកឃើញដែរថា ប្រព័ន្ធសាលារៀន នៅទូទាំងតំបន់បានបង្កើនលទ្ធភាពចូលរៀន កម្រិតមត្តេយ្យ រួមទាំងសម្រាប់គ្រួសារក្រីក្រផង ហើយបានដាក់បញ្ចូល ការវាយតម្លៃ ការរៀនរបស់សិស្សទៅក្នុងគោលនយោបាយអប់រំរបស់គេដែរ៕