(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ (IU) ចំនួន៤៧៤នាក់ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្តឲ្យវេជ្ជបណ្ឌិតដែលទើបបញ្ចប់ការងារ ហើយតែទាន់មានការងារធ្វើ គួរតែចូលបម្រើការផ្នែកសុខាភិបាលនៅក្នុងគិលានដ្ឋាន តាមសហគ្រាស-គ្រឹះស្ថាននានា។

លោករដ្ឋមន្ត្រីថ្លែងថា នៅថ្ងៃនេះ កម្ពុជាបានបញ្ចេញធនធានមនុស្សផ្នែកវេជ្ជបណ្ឌិតជិត ៥០០នាក់ទៀត ដើម្បីចេញបម្រើការងារផ្នែកសុខាភិបាល ប៉ុន្តែមិនប្រាកដថា ពួកគេមានការងារ ឬមុខរបរទាំងអស់គ្នានោះទេ ដូច្នេះអ្នកទាំងនោះអាចទៅទំនាក់ទំនងជាមួយក្រសួងការងារ តាមរយៈនាយកដ្ឋានពេទ្យការងារ ដែលមានលោក ឡេង តុង ជាប្រធាននាយកដ្ឋាន ព្រោះនៅតាមរោងចក្រ សហគ្រាសមួយចំនួន កំពុងត្រូវការវេជ្ជបណ្ឌិត និងគ្រូពេទ្យបម្រើការក្នុងគ្រឹះស្ថានរបស់ពួកគេ។

លោករដ្ឋមន្ត្រីបន្តថា តាមច្បាប់ស្ដីពីការងារបានតម្រូវឲ្យគ្រប់សហគ្រាស គ្រឹះស្ថានការងារ ត្រូវតែមានគិលានដ្ឋាន និងគ្រូពេទ្យប្រចាំការនៅទីនោះ ដើម្បីជួយសង្គ្រោះបឋម និងជួយកម្មករទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ។

ប្រធាននាយកដ្ឋានពេទ្យការងារ លោក ឡេង តុង បានឲ្យដឹងថា បច្ចុប្បន្នសហគ្រាស គ្រឹះស្ថាននៅកម្ពុជាមានជាង ១,២០០គ្រឹះស្ថាន ក្នុងនោះមាន ៨៨% មានគិលានដ្ឋានរួចហើយ ពោលនៅតែ ១២% ទៀតប៉ុណ្ណោះ ដែលមិនទាន់មានគិលានដ្ឋាន ហើយនេះជាឱកាសសម្រាប់គ្រូពេទ្យដែលទើបបញ្ចប់ការសិក្សា អាចទទួលបាននូវការងារនេះ។

លោក ឡេង តុង បានណែនាំថា ដើម្បីទទួលបានការងារនៅតាមគិលានដ្ឋាន វេជ្ជបណ្ឌិតត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី សុខភាព និងសុវត្ថិភាពការងារ និងត្រូវទាក់ទងផ្ទាល់ទៅរោងចក្រ សហគ្រាស ដែលមិនទាន់មានគ្រូពេទ្យបម្រើការក្នុងគិលានដ្ឋាន ឬរោងចក្រសហគ្រាណា ដែលមិនទាន់បង្កើតគិលានដ្ឋាន។

ទោះយ៉ាងណា លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអំពាវនាវឲ្យវេជ្ជបណ្ឌិត ក៏ដូចជាក្រុមគ្រូពេទ្យដែលបម្រើការនៅតាមគិលានដ្ឋាន និងមន្ទីរពេទ្យនានា ដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម សូមប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ មានការយោគយល់ដល់កម្មករដែលមានបញ្ហាសុខភាព ពិសេសបើមានករណីធ្ងន់ធ្ងរ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិនានា ដែលជាដៃគូរបស់ ប.ស.ស ជាមួយការយកចិត្តទុកដាក់ឲ្យបានល្អជាទីបំផុត៕