(ភ្នំពេញ)៖ ជាមួយនឹងការបន្ទន់ឥរិយាបទថ្មី នៅក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ លោកស្រី​ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់ប្រមុខការទូតកម្ពុជាថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនជាច្រើន ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ប្រកាសក្រោយជំនួបរបស់លោកស្រី​ រ៉ូណា ស្មីត ជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន កាលពីម្សិលមិញ។

លោកស្រី រ៉ូណា ស្មីត បានផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទី៥ ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។ ទស្សនកិច្ចនេះ បញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ អំឡុងទស្សនកិច្ចនេះ លោកស្រី​បានជួបជាមួយនឹង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាច្រើនផងដែរ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនានេះ បានបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ក៏បានគូសបញ្ជាក់ថា ជំនួបពិភាក្សាដ៏ច្រើនជាមួយថ្នាក់ដឹកនាំកម្ពុជានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា បានបង្ហាញឲ្យឃើញបន្ថែមទៀត ពីការរីកចម្រើនជាច្រើនពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនោះក៏មានការពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាការប្រឈមនានាដែលនៅមាន ហើយលោកស្រីបានអះអាង អំពីការត្រៀមខ្លួនបន្តធ្វើការងារ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ដើម្បីជម្នះពុះពារនូវរាល់ការប្រឈមទាំងអស់នោះ។

នៅក្នុងជំនួបពិភាក្សានោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី រ៉ូណា ស្មីត មានទស្សនៈឯកភាពគ្នា អំពីសារសំខាន់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងសិទ្ធិមនុស្ស ដែលជាសសរស្តម្ភបីនៃសង្គមដ៏សុខសាន្ត។ ទន្ទឹមនឹងនោះលោកស្រីបានគូសបញ្ជាក់ពីជំហររបស់លោកស្រី ក្នុងឋានៈជាអ្នកការពារសិទ្ធិមនុស្ស ចាត់ទុកសិទ្ធិមនុស្សជាអាទិភាពទីមួយ។

នៅក្នុងជំនួបនោះផងដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ប្រាប់លោកស្រី រ៉ូណា ស្មីតថា «សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ហើយជាលក្ខខ័ណ្ឌចាំបាច់មិនអាចខ្វះ បានសម្រាប់ការលើកស្ទួយសិទ្ធិមនុស្ស»។ លោកបានលើកឡើងអំពីសភាពការណ៍ស្ងប់ស្ងាត់ល្អនៅកម្ពុជា បន្ទាប់ពីមានការសម្រេចរបស់ តុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ ដែលបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាយល់ និងទទួលយកនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកន្លងមក តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយអ្វីដែលប្រជាជនចង់បានគឺសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពុំមែនការផ្លាស់ប្តូររបបតាមរយៈការធ្វើបដិវត្តព័ណ៌នោះទេ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា រួមទាំងអធិបតេយ្យភាពរបស់ស្ថាប័ននីតិបញ្ញត្តិ និងរបស់តុលាការផងដែរ។ លោកក៏បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ ដោយមានរបៀបរៀបរយ សេរី យុត្តិធម៌ និងតម្លាភាព។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមអំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយឧត្តមស្នងការអ.ស.បផ្នែកសិទ្ធិមនុស្ស ដែលបានបង្ហាញឲ្យឃើញ តាមរយៈការឯកភាពបន្តអាណត្តិរបស់អ្នករាយការណ៍ពិសេសអ.ស.បផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងការចុះហត្ថលេខាលើអនុស្សរណៈបន្តអាណត្តិរបស់ការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជានៅក្នុងការទទួលជួបលោកស្រី ពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាច្រើនរបស់កម្ពុជា នាដំណើរទស្សនកិច្ចរបស់លោកស្រីលើកនេះ៕