(រតនគិរី)៖ ខេត្តរតនគិរី បានរៀបចំពិព័រណ៍ជាលើកដំបូង ដើម្បីជំរុញសកម្មភាពធ្វើពាណិជ្ជ និងការគាំទ្រផលិតនៅក្នុងខេត្តរតនគិរីឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវ​នឹងថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ២០១៨​ ក្រោមអធិបតីភាពលោក វ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ញ៉ែម សំអឿន អភិបាលខេត្តស្តីទី។

លោក ញ៉ែម​ សំអឿន​ បានថ្លែងថា​ ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាលើកទី១ហើយសម្រាប់ខេត្តដែលរៀបចំឡើងដោយផ្ទាល់ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែប្រសើរឡើង​។ លោកបន្តថា ការតាំងពិ​ព័រណ៍ផលិតផលពាណិជ្ជកម្មនេះធ្វើឡើងចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០១៨​ ដោយមានការតាំងបង្ហាញនូវផលិតផលសម្រេចរបស់ខេត្ត​ និងក្រុមហ៊ុនមួយចំនួ​ន​ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងនោះក៏មានខេត្តមណ្ឌលគិរី​ និងខេត្តស្ទឹងត្រែងចូលរួមជាមួយផងដែរ​ សរុបមានចំនួន​ ៧១ស្តង់​។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ លោក វ៉េង​ សុធី​ បានលើកឡើងថា​ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង​ ក្រសួងពាណិជ្ជកម្ម​ បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅសំខាន់ៗ​ ដើម្បីគាំទ្រ​ និងធានាដល់ការលូតលាស់​ នៃវិស័យឯកជននៅក្នុងប្រទេស​។

លោកបន្តថា កន្លងមកក្រសួងបានដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មដូចជា​ ការចុះបញ្ជីពាណិជ្ជកម្ម​ ការចុះបញ្ជីម៉ាក​ ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញជាមួយនឹងប្រព័ន្ធបង់ប្រាក់តាមបែបអេឡិចត្រូនិកជាដើម​។

លោក វ៉េង សុធី បានចាត់ទុកថា​ ពិព័រណ៍ពាណិជ្ជកម្ម​ គឺជាវេទិកាដ៏មានសារសំខាន់មួយ​សម្រាប់ឲ្យបងប្អូនអាជីវករអាចសិក្សា​ស្វែងយល់​ និងផ្លាស់ប្តូរគំនិតទៅវិញទៅមក​ ក្នុងប្រយោជន៍បង្កើតដៃគូពាណិជ្ជកម្មផង​ និងចែករំលែកបទពិសោធន៍ផង​ ឈានទៅបង្កើតផលិតផលថ្មីដែលមានគុណភាព​ តម្លៃសមរម្យ​ អាចប្រកួតប្រជែងបានទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញនាពេលអនាគត​៕