(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងពីសារសំខាន់ដែលមិនអាចខ្វះបានរបស់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា «កម្ពុជាត្រូវលើកស្ទួយវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យខ្លាំងក្លា ដើម្បីពន្លឿន និងពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ចឲ្យចូលរួមយ៉ាងសកម្មក្នុង ការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោកដោយស្មើភាព និងស្មើសិទ្ធិ។ ទោះបីយ៉ាងណាវិស័យបច្ចេកវិទ្យា នឹងមានបច្ច័យទាំងវិជ្ជាមាន និងអវិជ្ជាមានមកលើនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលចាំបាច់ត្រូវគិតគូរឲ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានគាំទ្រនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមក្នុងអត្រា៧ភាគរយក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចរបស់កម្ពុជា នឹងឈានហួសពីវិស័យកសិកម្ម និងរោងចក្រកាត់ដេរ។ បច្ចុប្បន្នចំនួនសហគ្រាសផលិតកម្មមានតម្លៃបន្ថែមខ្ពស់ និងទើបផុសឡើងថ្មីកំពុងកើនឡើង ជាពិសេសខាងផ្នែកសម្ភារ ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក មានចំណែកកើនពី ៥.១ភាគរយ ក្នុងឆ្នាំ២០១២ ដល់ ៧.១ភាគរយ ក្នុងឆ្នាំ២០១៧ នៃចំនួនសហគ្រាសផលិតកម្មសរុប។

សម្តេចតេជោបានថ្លែងថា លទ្ធផលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្ងាយពីប្រទេសអាស៊ានមួយចំនួន។ ក្នុងនោះចំណាយរបស់កម្ពុជា ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក៏នៅតិចនៅឡើយ គឺត្រឹម ០.១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៥ ធៀបនឹង ០.៦៣ភាគរយ នៅថៃ និង ១.៣ភាគរយនៅម៉ាឡេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍឲ្យដល់ ០.២ភាគរយ នៃផលិតផលក្នុងស្រុកនៅឆ្នាំ២០២០ ដល់ ១ភាគរយនៅឆ្នាំ២០២៥ និងដល់ ១.៥ភាគរយនៅឆ្នាំ២០៣០។ ក្នុងនោះកម្ពុជាក៏នឹងយកចិត្តទុកដាក់អំពីអ្នកស្រាវជ្រាវ ខណៈចំនួនអ្នកស្រាវជ្រាវនៅកម្ពុជា គិតក្នុងប្រជាជន១លាននាក់ នៅឆ្នាំ២០១៥ មានប្រមាណ ៥០នាក់ បើគិតតាមចំនួនអ្នកស្រាវជ្រាវ និងប្រមាណ ៣០នាក់ បើគិតជាចំនួនអ្នកស្រាវជ្រាវធ្វើការពេញម៉ោង ហើយកម្ពុជាមានគោលដៅ បង្កើនចំនួនអ្នកស្រាវជ្រាវពេញម៉ោងឲ្យដល់ ២០០០នាក់ នៅឆ្នាំ២០៣០។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ឲ្យខ្លាំងក្លានូវវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្ពុជាត្រូវខិតខំកសាងមូលដ្ឋានគាំទ្រនានា ដែលធានាដល់ការរីកលូតលាស់នៃវិស័យនេះ។ រួមមាន៖

១៖ ការជំរុញកម្លាំងកម្លាំងពលកម្មមានជំនាញខ្ពស់៖ កម្ពុជា នឹងយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិជ្ជា (STEM) និងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយជួយគាំទ្រការផ្សារភ្ជាប់គ្នា រវាងវិស័យអប់រំ និងសហគ្រាសអាជីវកម្មផងដែរ។ ក្នុងនោះកម្ពុជា ក៏នឹងបង្កើតប្រព័ន្ធទទួលស្គាល់ថ្នាក់ជាតិមួយ សម្រាប់ផ្តល់រង្វាន់ដល់បុគ្គល និងក្រុមនានា ដែលបានចូលរួមចំណែកលើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

២៖ ការលើកកម្ពស់បណ្តាញស្រាវជ្រាវ និងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានគុណភាពខ្ពស់៖ កម្ពុជា នឹងបន្តជំរុញយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជួយទ្រទ្រង់ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្អរូបវន្តសម្រាប់បម្រើឲ្យការស្រាវជ្រាវ និងអភិវឌ្ឍ និងជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងការចូលទីផ្សាររបស់វិស័យបច្ចេកវិទ្យា។ ក្នុងនោះកម្ពុជានឹងលើកទឹកចិត្តដល់វិស័យឯកជនឲ្យវិនិយោគកាន់តែច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មបែបថ្មី, លើកទឹកចិត្តដល់កិច្ចសហការ ស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិរវាងសហគ្រាសឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវ និងសកលវិទ្យាល័យនានា ដើម្បីញ៉ាំងឲ្យមានការចែករំលែក និងការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា និងការចូលក្នុងទីផ្សារ។

៣៖ ការបន្តពង្រឹងក្របខ័ណ្ឌស្ថាប័ន គោលនយោបាយ និងច្បាប់ដ៏រឹងមាំ៖ កម្ពុជា នឹងពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ស្តីពីកម្មសិទ្ធបញ្ញា បទប្បញ្ញត្តិពាក់ព័ន្ធ និងការកែលម្អក្របខ័ណ្ឌច្បាប់នានា ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យសហគ្រិន និងអ្នកវិទ្យាសាស្ត្រនានា បង្កើត និងដាក់លក់ផលិតផលបច្ចេកវិទ្យា និងសេវាថ្មីៗទៀត កាន់តែច្រើន និងកាន់តែសកម្មផុលផុស។

៤៖ បំផុសការចូលរួមរបស់សធារណជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ការបំផុសឲ្យមានការយល់ដឹងពីសារសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាទូទៅ តាមរយៈការបណ្តុះបណ្តាលទេពកោសល្យ ចំណេះដឹងអំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយលើកស្ទួយ និងការបង្កើនតម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការរីកចម្រើនបច្ចេកវិទ្យា នឹងជួយដល់កម្លាំងមនុស្សដោយការធ្វើស្វ័យប្រវត្តកម្ម និងដែលអាចធ្វើឲ្យផលិតភាពកើនឡើង ការកាត់បន្ថយការខូចខាត ហើយដែលនឹងបង្កើតនូវស្ថានភាពធុរកិច្ចថ្មីៗក្នុងសេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានហៅថា សេដ្ឋកិច្ចឌីជីថល។ ប៉ុន្តែទន្ទឹមនឹងនេះ បច្ចេកវិទ្យានឹងប៉ះពាល់ដល់វិស័យការងារ និងទាមទារសមត្ថភាពជំនាញកាន់តែខ្ពស់ និងកម្រិតវប្បធម៌មួយច្បាស់លាស់ជាងមុន។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រួមចំណែកដល់ការកាត់បន្ថយនូវការប្រាស្រ័យដោយផ្ទាល់ ការរស់នៅដោយមានលក្ខណៈឯករាជ្យ ម្ចាស់ការ និងកែប្រែទម្លាប់ និងប្រពៃណីនៃការរស់នៅមួយចំនួនរបស់ប្រជាជន ដែលនឹងបង្កើតនូវសង្គមថ្មីមួយ ដែលត្រូវបានហៅថា សង្គឌីជីថល។ ការរៀបចំបាននូវមូលដ្ឋាន និងថ្នាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំមួយ សម្រាប់ការចាប់យកឱកាស និងការគ្រប់គ្រងហានិភ័យ គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ជារួម។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងធ្វើការជាមួយគ្នា ដើម្បីញ៉ាំងឲ្យគោលដៅប្រកបដោយមហិច្ឆតាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្លាយជាការពិត ទប់ស្កាត់ផលអវិជ្ជមាន និងដើម្បីធានារក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅប្រទេសកម្ពុជាឲ្យប្រកបដោយចីរភាព៕