(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ រដ្ឋសភាបានសម្រេចឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា ជ្រើសរើសបេក្ខជន២រូប ដើម្បីកាន់តំណែងជាសមាជិកព្រឹទ្ធសភា នៅក្នុងអាណត្តិថ្មីនេះ។​ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋសភា។

សេចក្តីប្រកាសរដ្ឋសភា អំពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អង្គប្រជុំបានអនុម័តយល់ព្រម សំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ចំនួន២រូប ដោយរដ្ឋសភា និងនីតិកាលទី៥ ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភា​ ធ្វើសេចក្តីជូនដំណឹង ប្រកាសជ្រើសរើសឥស្សរជនបេក្ខជន ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ»

តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានកំណត់ថា ព្រឹទ្ធសភា អាណត្តិទី៤នេះ មានរយៈពេល៦ឆ្នាំ និងមានសមាជិកចំនួន៦២រូប ក្នុងនោះមាន២រូប ត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ ២រូបត្រូវជ្រើសតាំងដោយការបោះឆ្នោតនៅក្នុងរដ្ឋសភាក្នុងសំឡេងមតិភាគច្រើន និង៥៨ ត្រូវបោះឆ្នោតដោយអង្គបោះឆ្នោត។

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ដោយគ្រប់គ្រងបានទាំង៥៨អាសនៈ។ សម្រាប់សមាជិកព្រឹទ្ធសភា​ ដែលជ្រើសតាំងដោយព្រះមហាក្សត្រ ព្រះអង្គបានជ្រើសរើសឥស្សរជន២រូប នោះគឺ ទី១៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងទី២៖ លោកស្រី អ៊ុ សូម៉ានី។

ក្រៅពីអនុម័តប្រកាសជ្រើសរើសបេក្ខជន សម្រាប់កាន់តំណែងសមាជិកព្រឹទ្ធសភា ខាងលើនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានសម្រេចលើរបៀបវារៈ២ផ្សេងទៀតផងដែរក្នុងនោះរួមមាន៖ អង្គប្រជុំបានអនុម័តយល់ព្រមបញ្ចូលរបៀបវារៈនៃសម័យប្រជុំសភាលើកទី១០ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ និង អង្គប្រជុំបានអនុម័ត លើរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ពិនិត្យបញ្ចូលបន្ថែមទៀតនូវសកម្មភាពរបស់រដ្ឋសភារហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី១០ នីតិកាលទី៥ នាពេលខាងមុខ៕