(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះសំណាលសួរសុខទុក្ខ​ជាមួយ​ កញ្ញា​ សារ៉េត​ សុផាធីតាពេជ្រ​ ពីស្ថានភាពសុខភាពរបស់ ឪពុកកញ្ញា​គឺ បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ៃ ប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ និងគិតគូរចំពោះសុខភាព​ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន​ជួយសម្រាលបន្ទុកនៃការព្យាបាល​ បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត និងសូមជូនពរឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំឡើងវិញ។

កញ្ញា​ សារ៉េត​ សុផាធីតាពេជ្រ​ និងប្អូនប្រុស បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ព្រមទាំងបានឧបត្ថម្ភថវិកា​សម្រាលបន្ទុកព្យាបាល​ និងការសិក្សារបស់កូនៗ៕