(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានបន្តចុះបំពាក់មេដាយការពារជាតិ និងសំណេះសំណាលជាមួយអតីតយុទ្ធជនជាង ១ពាន់នាក់មកពីក្រុងសួង ស្រុកត្បូងឃ្មុំ និងស្រុកតំបែរផងដែរ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលជាមួយអតីតយុទ្ធជននៅក្នុងខេត្តត្បូងឃ្មុំនេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកបង្ហាញពីក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះអតីតយុទ្ធជន និងតែងបានផ្តាំរូបលោកឲ្យសាកសួរសុខទុក្ខជំនួសសម្តេចទាំងពីរជាប់ជានិច្ច។

«សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកតែងតែងនឹករលឹកចំពោះបងប្អូនអតីតយុទ្ធជនយើងជាប់ជានិច្ច។ គ្រប់ទីកន្លែងដែលខ្ញុំចុះទៅដល់ គឺសម្តេចទាំងពីរតែងតែផ្តាំផ្ញើជានិច្ចឲ្យសួរសុខទុក្ខបងប្អូន និងបានផ្តាំផ្ញើឲ្យចិត្តទុកដាក់ខ្ពស់បំផុតទៅលើជីវភាព និងការរស់នៅរបស់បងប្អូន»។ នាយឧត្តមសេនីយ៍ថ្លែងបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះអតីតយុទ្ធជនកម្ពុជា។

ដើម្បីធានាបាននូវការលើកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឲ្យបានកាន់តែល្អប្រសើរ និងដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជនឲ្យមានប្រសិទ្ធភាពនោះ នៅក្នុងជំនួបនៅថ្ងៃនេះ នាយឧត្តមសេនីយ៍ គន់ គីម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំអតីតយុទ្ធជនក្នុងខេត្តត្បូងឃ្មុំ ត្រូវបង្កើនសកម្មភាពចុះដល់ខ្នងផ្ទះរបស់អតីតយុទ្ធជន ហើយសិក្សាលើជីវភាពរបស់អតីតយុទ្ធជន។ ជាពិសេសបើរកឃើញថា គាត់កំពុងជួបផលលំបាកក្នុងជីវភាពត្រូវដោះស្រាយជូនគាត់ ហើយបើពួកគាត់ខ្វះដីខ្វះផ្ទះសម្បែងត្រូវរាយការណ៍ ដើម្បីធ្វើសំណើសុំការសម្រេចពីសម្តេចតេជោ ក្នុងសាងសង់ផ្ទះជូនអតីតយុទ្ធ។

អតីតយុទ្ធជនកម្ពុជា បានសម្តែងក្តីសប្បាយរីករាយជាខ្លាំង ដែលបច្ចុប្បន្ននេះតាមរយៈសមាគមអតីតយុទ្ធជន ពួកគាត់ជាអ្នកស្មោះត្រង់ និងតស៊ូប្រយុទ្ធសម្រាប់ជាតិ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដោយមិនបានធ្វើឲ្យពួកគេអស់សង្ឃឹមនោះឡើយ។

ក្រៅពីបង្ហាញក្តីសប្បាយរីករាយចំពោះការជ្រោមជ្រែងជួយដោះស្រាយជីវភាពរបស់ពួកគេពីសំណាក់សម្តេចតេជោហើយនោះ បងប្អូនអតីតយុទ្ធជន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ អតីតយុទ្ធជនលើកឡើថា មានតែការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ បានធ្វើឲ្យជាតិកម្ពុជារក្សាបាននូវសុខសន្តិភាព និងផ្តល់ការអភិវឌ្ឍពេញលេញសម្រាប់ជាតិកម្ពុជា៕