(ភ្នំពេញ)៖ នៅឆ្នាំនេះ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា នឹងកើតឡើងនៅថ្ងៃ២០-២២ ខែមីនា ឆ្នាំ២០១៨នេះ នៅចន្លោះពីម៉ោង៥-៧ព្រឹក។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ។

តាមសេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីបី ក្រោមប្រធានបទ៖ «Selfie អង្គរអច្ឆរយៈ» ដោយជ្រើសរើសរួបថតដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ដើម្បីទទួលលិខិតសរសើរចេញពីក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន១លានរៀល លេខ២ ចំនួន៨០ម៉ឺនរៀល និងលេខ៣ ចំនួន៥០ម៉ឺនរៀលផងដែរ។

សូមជម្រាបជូនថា បាតុភូតដ៏អស្ចារ្យនេះ កើតឡើង២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១នៅខែមីនា និងលើកទី២ នៅខែកញ្ញា ដែលបាតុភូតនេះស្តែងឡើងពីអច្ឆរយៈភាពនៃប្រាសាទអង្គរវត្ត ត្រូវបានបុព្វបុរសយើងកសាងដោយការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយ៉ាងច្បាស់លាស់គួរឲ្យស្ញប់ស្ញែង៕