(ភ្នំពេញ)៖ សាលាខណ្ឌដូនពេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសគាំទ្រចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ច តាមចាប់អតីតកម្លាំងប្រជាការពារម្នាក់ ដែលចូលរួមប្រើហិង្សាវាយទៅលើអ្នកបើករថយន្ត នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅម្តុំមន្ទីរពេទ្យលើសង្ឃ ដែលនាំឲ្យកក្រើកពេញបណ្តាញហ្វេសប៊ុក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សាលាខណ្ឌ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន សាលាខណ្ឌដូនពេញ បានបញ្ជាក់ថា «ករណីបុគ្គល ភាជ គឹមហាក់ អតីតកម្លាំងប្រជាការពារសាលាខណ្ឌ បានប្រើអំពើហិង្សានៅក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ទៅលើលោក ស៊ុយ សារ៉េត នោះ.... សាលាខណ្ឌចាត់ទុកថា នេះជាករណីបុគ្គល និងជាការទទួលខុសត្រូវដោយផ្ទាល់ខ្លួនតែម្តង សាលាខណ្ឌមិនគាំទ្រឲ្យមានអំពើហិង្សា បែបនេះឡើយ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់»

ជាមួយគ្នានេះ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ក៏បានបញ្ជាក់ផងដែរថា «សាលាខណ្ឌបានបណ្តេញបុគ្គលនេះចេញយូរហើយ ដោយសារតែមិនគោរពវិន័យ និងតែងតែបង្កបញ្ហាដល់អង្គភាព។ ខ្ញុំបានដាក់បទបញ្ជារួចហើយ ឲ្យតាមរកចាប់ខ្លួនវាឲ្យបាន ប្រគល់ជូនសមត្ថកិច្ច ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ដាច់ខាត»

លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ​ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវនោះ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បាននិងកំពុងសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ដោយរួចផុតពីគ្រោះថ្នាក់អាយុជីវិតហើយ។

ជាមួយគ្នានេះបើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញនេះ លោក ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ។

ក្រោយមានព្រឹត្តិការណ៍នេះកើតឡើង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពាក់ព័ន្ធករណីនេះលោកបានចេញបញ្ជាឲ្យសមត្ថកិច្ច ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយប៉ងសម្លាប់ និងកម្ទេចរថយន្តជនរងគ្រោះ មកដាក់ទោសតាមច្បាប់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។

លោកស្នងការបញ្ជាក់ថា «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម​។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ ...ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»

លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម។

នៅថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានអំពាវនាវឲ្យសាធារណជន ប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ និងប្រព្រឹត្តនូវអំពើល្អ សូមបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពការប្រើអំពើហិង្សា ទៅលើអ្នកបើកបរ និងយានយន្ដ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ច ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។

បើតាមសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពប្រតិបត្តិ អនុវត្តឲ្យបានត្រឹមត្រូវ តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការប្រើប្រាស់ផ្លូវថ្នល់ និងក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ដើម្បីចូលរួមទទួលខុសត្រូវចំពោះអំពើខុសច្បាប់ ដែលខ្លួនបានប្រព្រឹត្ត ក្នុងពេលធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ៕