(កំពត)៖ លោកវរសេនីយ៍ទោ សុខ គន្ធបុភ័ក្រ ត្រូវបានតែង និងប្រកាសឲ្យកាន់តំណែង ជាប្រធានវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ជំនួសលោកវរសេនីយ៍ទោ ខៀវ បេ ដែលត្រូវផ្ទេរភារកិច្ចថ្មី ទៅបំរើការងារនៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃក្រសួងមហាផ្ទៃ។

ពិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពតចាស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ វរសេនាតូចលេខ២៤១-៤៣០ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រចាំខេត្តកំពត និងកែប ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងមានមន្ត្រីរាជការ និងកងកម្លាំងចូលរួមសរុបជាង២០០បាក់។

នៅឱកាសនោះលោក ជាវ តាយ បានថ្លែងថា «ការផ្ទេរភារកិច្ចរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គឺជាកិច្ចការរដ្ឋបាលធម្មតា ដើម្បីការវិវត្តន៍រីកចម្រើន និងអភិវឌ្ឍ ហើយថ្នាក់ដឹកនាំ និងកងកម្លាំង ត្រូវបំពេញភារកិច្ច កាត្វកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរឡើង តាមបទបញ្ជារបស់ថ្នាក់លើ ជាពិសេសបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ក៏ដូចជា ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យគោរព និងអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រជាជន និងជាតិមាតុភូមិយើង»

នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានលើកឡើងឲ្យប្រធានវរសេនាតូចនគរបាលការពារព្រំដែនទឹក ទើបនឹងប្រកាសឡើងថ្មីនេះ ត្រូវខិតខំបំពេញតួនាទី ឲ្យស័ក្តិសមជាអ្នកដឹកនាំកងកម្លាំង ហើយត្រូវចេះបំផុសសាមគ្គីផ្ទៃក្នុងឲ្យបានល្អ និងសហការជាមួយស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនានា ព្រមទាំងស្តាប់ការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ និងស្តាប់ សហការល្អជាមួយរដ្ឋបាលខេត្ត ជាពិសេសស្តាប់ ការណែនាំ បញ្ជានីតិវិធីពីលោកអភិបាលខេត្ត ដែលជាគណៈបញ្ជាការឯកភាពខេត្ត។ ទាំងអស់នេះហើយ ដែលធ្វើឲ្យអង្គភាព និងកងកម្លាំងយើង បានសម្រេចដល់គោលដៅ និងបំពេញភារកិច្ច ក្នុងកាត្វកិច្ច ការពារក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន ដោយសន្តិសុខ សុវត្ថិភាព៕