(អូស្រ្តាលី)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី លោក កុយ គួង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានឆ្លើយតបតាមរយៈបណ្តាញព័ត៌មាន Fresh News ទៅនឹងព័ត៌មានអកុសលមួយចំនួនបង្កឡើងដោយក្រុមប្រឆាំងបានផ្សព្វផ្សាយថា រដ្ឋាភិបាលអូស្ត្រាលីមិនស្វាគមន៍វត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោក កុយ គួង បានចាត់ទុកថា នោះជារឿងមិនពិតបោកបញ្ឆោត និងបំភ័ន្ត។ (សូមទស្សនាវិដេអូ)

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលីបានបញ្ជាក់ថា ប្រទេសអូស្ត្រាលី គឺជាម្ចាស់ផ្ទះ ដូច្នេះអូស្ត្រាលីបានអញ្ជើញជាផ្លូវការទៅកាន់ប្រមុខដឹកនាំ នៃប្រទេសអាស៊ានទាំង១០រូប ដែលក្នុងនោះមានសម្តេចតេជោ១រូបផងដែរ ហើយសម្តេចតេជោ ក៏បានសន្យាថា នឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះទៀតផង។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះក្រុមការងារ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន របស់ភាគីម្ចាស់ផ្ទះ ក៏បានសហការជាប្រចាំជាមួយស្ថានទូតកម្ពុជាយើងប្រចាំនៅប្រទេសអូស្ត្រាលីនេះ ដើម្បីរៀបចំទទួលគណៈប្រតិភូដែលនឹងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេច ក៏ដូចជាគណៈប្រតិភូ ដើម្បីភាពជោគជ័យរបស់សម្តេចតេជោក្នុងការដឹកនាំគណៈប្រតិភូ មកចូលរួមប្រជុំ ក៏ដូចជាភាពជោគជ័យរបស់ប្រទេសអូស្ត្រាលីដែលជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះលោក កុយ គួង ក៏បានឱ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំអាស៊ានអូស្ត្រាលី ខាងមុខនេះ នឹងមានជំនួបទ្វេរភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី ហើយក្នុងជំនួបកំពូលនោះ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសធ្វើយ៉ាងណាធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕