(ព្យុងយ៉ាង)៖ បណ្តាញព័ត៌មាន​ផ្លូវការ របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង នាថ្ងៃអង្គារនេះ​បានចេញមក​ព្រមានថា បណ្តាប្រទេស​នៅលោក​​ខាង​លិច កំពុងប្រើប្រាស់​បញ្ហាសិទ្ធិមនុស្ស​មកធ្វើជាឈ្នាន់ ដើម្បីដើរបំផ្លិចបំផ្លាញ​ឯករាជ្យភាព របស់​ប្រជាជាតិ​ដទៃៗ​ទៀត។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

សារព័ត៌មានផ្លូវការ​​​របស់គណៈកម្មាធិការ​មជ្ឈិម​ នៃបក្សកាន់អំណាច​កូរ៉េខាងជើង បានលើកឡើង​នៅក្នុងអត្ថបទ​មួយថា គម្រោង​អាក្រក់​ស្តីពី​​ការដើរចោទ​ប្រកាន់គេឯង​ជុំវិញបញ្ហាសិទ្ធិមនុស្ស​របស់ពួកចក្រ​ពត្តិ មិនគួរត្រូវមើល​រំលងតទៀតនោះ​ឡើយ ដើម្បីអាចកសាង​ពិភពលោក​ឯករាជ្យ​ថ្មីមួយ ដែលនៅក្នុងនោះ​អធិបតេយ្យភាព​ក៏ដូចជាសមភាព សម្រាប់រាល់​ប្រទេស​ទាំងអស់ ត្រូវបាន​ធានា។
ដោយចង់សំដៅ​ទៅលើ​ប្រទេសលោកខាងលិច​មួយចំនួន ជាពិសេស​នោះ​ ​គឺសហរដ្ឋអាមេរិក​តែម្តង អត្ថបទរិះ​គន់នេះ​បាន​បន្តថា ពួកចក្រពត្តិ​គឺជាមេក្លោង​នៃការ​​រំលោភបំពាន​សិទ្ធិមនុស្ស និងជាឧក្រិដ្ឋជន​នៃបញ្ហា​សិទ្ធិមនុស្ស ដែលត្រូវតែ​ទទួលទោស​ធ្ងន់ធ្ងរបំផុត ពីសហគមន៍​អន្តរជាតិ។

គួរជម្រាបថា កូរ៉េខាងជើង​តែងតែបានទាត់ចោល​ជាដដែលៗ ចំពោះការ​ចោទប្រកាន់​ពីទង្វើរំលោភ​សិទ្ធិមនុស្ស ដោយ​សហរដ្ឋអាមេរិក ​និង​​ប្រទេសលោក​ខាងលិចមួយ​ចំនួនទៀត៕