(ភ្នំពេញ)៖ កូនស្រីរបស់លោក ស៊ុយ សារ៉េត ដែលមានឈ្មោះ សារ៉េត សុផាធិតាពេជ្រ អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យប្ដឹងក្រុមជនបង្ក ដែលបានប្រព្រឹត្តអំពើវាយដំប៉ុនប៉ងធ្វើមនុស្សឃាត លើឪពុករបស់ខ្លួន ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌។ នេះបើយោងតាមពាក្យបណ្ដឹងរបស់មេធាវី តំណាងឲ្យលោក ស៊ុយ សារ៉េត ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ក្នុងពាក្យបណ្ដឹងនោះមេធាវីតំណាងលោក ស៊ុយ សារ៉េត បានទាមទារឲ្យសមត្ថកិច្ចស្វែងរកមុខជនក្រុមបង្ក ដើម្បីទទួលខុសត្រូវ ចំពោះអំពើដែលពួកគេ​បានប្រព្រឹត្តមកលើលោក ស៊ុន សារ៉េត និងទាមទារនូវសំណងជំងឺចិត្តចំនួន១២០០លានរៀល ដែលប្រហែលនឹង៣០ម៉ឺនដុល្លារ​ផងដែរ។

លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ​ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង៤-៥ ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅម្តុំមន្ទីរពេទ្យលោកសង្ឃ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តរបស់លោក ស៊ុយ សារ៉េត បានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ មិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ។

ក្រោយទទួលការវាយយ៉ាងដំណំ លោក ស៊ុយ សារ៉េត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ និងត្រូវក្រុមគ្រួសារបញ្ជូនបន្តទៅមន្ទីរពេទ្យប្រទេសវៀតណាម។ មិត្តភក្តិរបស់លោក ស៊ុយ សារ៉េត ក៏បានបញ្ជាក់ថា លោក ស៊ុយ សារ៉េត បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕