(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពលក់ដូរ របស់បងប្អូនអាជីវករ នៅផ្សារកំពង់ប្រណាក ព្រមទាំងបានបន្តចុះពិនិត្យការសាងសង់ ផ្លូវមួយខ្សែជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារផងដែរ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ការចុះពិនិត្យមើលការលក់ដូរ និងសំណេះសំណាល ជាមួយបងប្អូនអាជីវករ ក្នុងផ្សារកំពង់ប្រណាក ក្នុងគោលបំណងពិនិត្យមើល ការសាងសង់តូប ដែលឆេះ កាលពីលើកមុន និងស្ថានភាពការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ នៅក្នុងផ្សារ ដើម្បីឆ្លើយតបនៅការ ចង់បានរបស់បងប្អូនអាជីវករ។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មាការ ផ្សារត្រូវរៀបចំ ជួសជុលដំបូលផ្សារ ដែលធ្លុះធ្លាយឲ្យបានជិតឡើងវិញ ដើម្បីកុំឲ្យខូចខាតទំនិញ បងប្អូនអាជីវរក ព្រោះរដូវវស្សារជិតចូលមកដល់ហើយ។

លោកបានបន្ដទៀតថា ដូច្នេះបងប្អូនអាជីវករ ត្រូវចូលរួមសហការ ជាមួយគណៈកម្មាការផ្សារ ដើម្បីថែរក្សាទ្រព្យរបស់យើង ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននិងបិទតូបឈប់លក់ដូរ ត្រូវបិទប៉ារ៉ែតភ្លើង ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យមានគ្រោះអគ្គិភ័យ កើតឡើងម្តងទៀត។

ទន្ទឹមនឹងនេះផងដែរ លោក អ៊ុន ចាន់ដា បានធ្វើការណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចក្រុងព្រះវិហារ ត្រូវចុះអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរតាមផ្ទះ ធ្វើយ៉ាងណាឲ្យពួកគាត់ ដាក់តាំងលក់ទំនិញផ្សេងៗ ឲ្យមានសណ្តាប់ធ្នាប់ ជៀសវាងកុំយកចំណីផ្លូវ ធ្វើអាជីវកម្មឲ្យសោះ ដែលជាហេតុនាំឲ្យបាត់បង់សោភណ្ឌ័ភាពទីក្រុង។

ពាក់ព័ន្ធនឹងបញ្ហាជួសជុលផ្លូវមួយខ្សែឡើងវិញ នៅក្នុងក្រុងព្រះវិហារនេះ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ផ្លូវនេះ គឺជាផ្លូវចាស់ ដែលគេបានបោះបង់ចោល ជាយូរមកហើយ ដោយសារតែនៅរដូវវស្សា ប្រជាពលរដ្ឋពិបាកធ្វើដំណើរពេក ទើបពួកគាត់ស្នើសុំឲ្យលោកធ្វើការជួសជុលឡើងវិញ។

ដោយពិនិត្យឃើញស្ថានភាព លំបាកក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ លោកក៏សម្រេចចិត្តកសាងផ្លូវនេះ ឡើងវិញដែលមានទទឹង១៥ម៉ែត្រ និងបណ្តោយ៥០០ម៉ែត្រ ហើយក៏មានគំរោងនិងជួសជុលផ្លូវ ក្នុងក្រុងព្រះវិហារជាច្រើនខ្សែទៀតផងដែរ៕