(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ចុះជួយសង្កាត់ទឹកថ្លា ចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាង៥០០នាក់ ដោយឥតគិតថ្លៃ នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ យកចិត្ដទុកដាក់ថែរក្សាសុខភាព ពិសេសស្ដ្រីមានផ្ទៃពោះ ត្រូវមកពិនិត្យសុខភាពឲ្យបានទៀងទាត់ និងអនុត្ដន៍ទៅការណែនាំរបស់គ្រូពេទ្យ ពិសេស បរិភោគអាហារ ត្រូវមានអនាម័យ លំនៅឋានជុំវិញផ្ទះ ត្រូវសំអាតជានិច្ចផងដែរ ដើម្បីធានាបាននូវផាសុកភាព និងគ្មានជម្រកមូសខ្លា។

ទន្ទឹមនឹងនោះរដ្ឋមន្ដ្រី ក៏បានជំរុញដល់ក្រុមគ្រូពេទ្យ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ សហការគ្នា និងពង្រឹងសមត្ថភាពការងារ ដើម្បីពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទាន់ពេលវេលា ។

គួររម្លឹកផងដែរថា ក្រោមកិច្ចខិតខំដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ប្រជាពលរដ្ឋ ទទួលបានពិនិត្យព្យាបាលជំងឺ បានដិតដល់ ពិសេស ការយកសេវាព្យាបាល មកដល់ និងក្បែរផ្ទះរបស់ពលរដ្ឋតែម្ដង ដែលការយកចិត្ដទុកដាក់នេះ បានធ្វើឲ្យអត្រា នូវជំងឺឆ្លងផ្សេងៗ ស្ទើរតែមិនអាចកើតមានឡើងនៅក្នុងភូមិ ឃុំ នោះទេ ។ ជាក់ស្ដែង សម្រាប់ព្រឹកនេះ ក្រុមគ្រូពេទ្យ បានពិនិត្យព្យាបាល ជំងឺដូចជា៖ ពិនិត្យព្យាបាលជំងឺទូទៅ ជំងឺសើរស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក ជំងឺមាត់ធ្មេញ និងចែកវែនតា ផងដែរ ៕