(ភ្នំពេញ)៖ ទំហំនៃការល្បីរន្ទឺអំពីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក កុក ស ជាជនជាតិភាគតិច Degar ឬហៅថា ម៉ុងតាញ៉ា កាត់ខេត្តចំនួន៤របស់ខ្មែរឲ្យវៀតណាមគ្រប់គ្រងនោះ កាន់តែរីកធំឡើងៗហើយ ដោយសារទង្វើនេះជាអំពើក្បត់ជាតិយ៉ាងធំធេងណាស់។ ដើម្បីឆ្លើយតបនឹងបញ្ហាដ៏រសើបរបស់ប្រទេសជាតិមួយនេះ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល និងលោក កុក ស បានចេញខ្លួនការពារខ្លួន និងឆ្លើយតបតាមរយៈវិដេអូខ្លីមួយ ដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្ស សង្រ្គោះជាតិ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះថា លោក កុក ស មិនមែនជាជនជាតិវៀតណាម លោកគឺជាជនជាតិខ្មែរ និងមានប័ណ្ណសំគាល់ខ្មែរទៀតផង។

ពិតអស់សំណើចចំពោះការលើកឡើងនេះ ដោយលោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានឲ្យដឹងជាមួយនឹងទឹកមុខញញឹមថា ប្រសិនបើលោក កុក ស អះអាងថា ខ្លួនជាជនជាតិខ្មែរ ត្រូវតែចេះនិយាយ និងអានភាសាខ្មែរ ដើម្បីបញ្ជាក់អំពីជាតិសាសន៍របស់ខ្លួន ចុះហេតុអ្វីលោក កុក ស មិនចេះនិយាយភាសាខ្មែរសូម្បីមួយម៉ាត់។ នៅក្នុងវិដេអូនោះ, លោក កុក ស បាននិយាយភាសាអង់គ្លេសដោយខ្លួនឯងថាមិនចេះនិយាយខ្មែរ នៅពេលរូបលោកចាប់ផ្តើមរៀបរាប់អំពីប្រវត្តិរបស់ខ្លួនជូនសាធារណជន។ លោក កុក ស បាននិយាយដូច្នេះថា៖ «I can't speak Khmer» មានន័យថា «ខ្ញុំមិនចេះនិយាយភាសាខ្មែរ» បន្ទាប់មកទើបមានអ្នកបង្គាប់ឲ្យលោកនិយាយភាសាអង់គ្លេសតែម្តងទៅ។

ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ក្រឡែតតែម្តងថា លោក កុក ស ជាជនជាតិភាគតិចម៉ុងតាញ៉ាដើមកំណើតវៀតណាមសុទ្ធសាធដែលមិនប្រកែកបាន។ (សូមទស្សនាវិដេអូ)។

ជាពិសេសលោកបានទទួលស្គាល់ថាបានចុះហត្ថលេខាជាមួយលោក សម រង្ស៊ី ពិតប្រាកដមែន ដោយបានបង្ហាញពីរូបភាពដែលលោកចុះហត្ថលេខាជាមួយលោក សម រង្ស៊ី និងរូបជួបជាមួយលោក កឹម សុខា ផងដែរ។

លើសពីនោះទៅទៀត អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថា បើនិយាយពីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក Kok Ksor (កុក ស) ជាជនជាតិភាគតិច «Degar-ដេកា» ហៅថា «ម៉ុងតាញ៉ា» ដោយប្រើទង់ជាតិព្រះរាជាណាចក្រកម្ពុជា, ទង់ជាតិ (ម៉ុងតាញ៉ា) និងទង់ជាតិអាមេរិកំាង ស្ថិតចំកណ្ដាល ក្នុងការកាត់ខេត្ដខ្មែរបួនគឺ៖ មណ្ឌលគីរី រតនគីរី ក្រចេះ នឹងស្ទឹងត្រែង ជាស្វ័យភាពឲ្យជនបរទេសនោះ គឺបង្ហាញយ៉ាងច្បាស់ថា ជនជាតិម៉ុងតាញ៉ានេះគឺជារដ្ឋអធិបតេយ្យ មួយយ៉ាងពិតប្រាកដ ពីព្រោះទង់ជាតិ គឺជានិមិត្ដរូបតំណាងឲ្យអធិបតេយ្យជាតិបូរណភាពទឹកដីនៃរដ្ឋនីមួយៗ។ មានន័យថា «ចំពោះការប្រើទង់ជាតិជនជាតិ (ម៉ុងតាញ៉ា) នេះគឺជនជាតិ នេះស្មើនឹងរដ្ឋអធិបតេយ្យដូចខ្មែរ ឬអាមេរិកំាង» យ៉ាងដូច្នោះដែរ៕