(ម៉ាឡេស៊ី)៖ ក្រុមហ៊ុន Porsche ប្រចាំនៅប្រទេសកម្ពុជា បានបង្កើតព្រឹត្តិការណ៍ដ៏ធំមួយជាលើកទី៣ ដោយនាំអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន ទៅសាកល្បងបើករថយន្ដស៊េរីទំនើប និងចុងក្រោយបង្អស់ដែលបំពាក់បច្ចេកវិជ្ជាថ្មីៗ ហៅថា Porsche World Roadshow2018 នៅទីលានប្រណាំងមួយដែលធំជាងគេនៅតំបន់អាស៊ីឈ្មោះ Sepang ស្ថិតក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ព្រឹត្តិការណ៍ដ៏ធំ​ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រៅពីអថិតិជន និងអ្នកគាំទ្ររបស់ខ្លួនមកពីប្រទេសកម្ពុជាជាច្រើនរូប ក្នុងនោះមានទាំង​ជនជាតិបរទេសផង​ អង្គភាពព័ត៌មាន Fresh News ក៏ត្រូវបានអញ្ជើញយ៉ាងពិសេសឲ្យចូលរួមយកព័ត៌មាន នៅព្រឹត្តិការណ៍ឆ្លងប្រទេសនេះផងដែរ។

​ក្នុងបទសម្ភាសន៍ជាមួយ លោក សៀ សៀកឡេង អ្នកយកព័ត៌មានរបស់ Fresh News ដែលបានរួមដំណើរទៅចូលរួមយកព័ត៌មាននៅព្រឹត្តិការណ៍នេះ លោក ឆយ ម៉េងលាង ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Precision Cars Cambodia Limited ដែលនាំចូល និងចែកចាយរថយន្ដម៉ាក Porsche ផ្ដាច់មុខនៅកម្ពុជា បានឲ្យដឹងថា បើនិយាយពីក្រុមហ៊ុន Porsche គឺតែងតែនាំនូវអ្វីដែលជាអារម្មណ៍រំភើប និងសប្បាយរីករាយជូនដល់អតិថិជនរបស់ខ្លួន ពាក់ព័ន្ធនឹងការបើករថយន្ដ សេវាកម្ម និងបច្ចេកទេសផ្សេងៗជានិច្ច។

ជាក់ស្ដែងការនាំអតិថិជន មកសាកល្បងបើករថយន្ដ Porsche ស៊េរីចុងក្រោយបង្អស់នៅប្រទេសម៉ាឡេស៊ីនេះ ដើម្បីផ្ដល់ឱកាសឲ្យអតិថិជនទាំងអស់ ដែលចាប់អារម្មណ៍លើរថយន្ដនេះ និងអ្នកកំពុងតែប្រើប្រាស់ផ្ទាល់តែម្ដង ដែលពួកគាត់មិនធ្លាប់បានមានឱកាស ដើម្បី​ប្រើប្រាស់រថយន្ដឲ្យអស់ពីសមត្ថភាព បានសាកល្បងនៅទីលានប្រណាំងដ៏ធំមួយនេះ ឲ្យអស់ពីសមត្ថភាពរបស់រថយន្ដ Porsche គ្រប់ម៉ូឌែលតែម្ដង។

បើតាម​លោក ឆយ ម៉េងលាង ព្រឹត្តិការណ៍នៅឆ្នាំនេះគឺពិតជាពិសេសណាស់ សម្រាប់អតិថិជននៅកម្ពុជាផ្ទាល់តែម្ដង ព្រោះថាកាលពីបណ្ដាឆ្នាំមុនៗ​ ក្រុមហ៊ុន Porsche ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិច បានរៀបចំឲ្យអតិថិជនមកពីគ្រប់ប្រទេសមកសាកល្បង ប៉ុន្ដែឆ្នាំនេះមានផ្ដល់ឱកាសឲ្យតែអតិថិជន មកពីប្រទេសកម្ពុជាតែប៉ុណ្ណោះដើម្បីបើកសាកល្បងនូវរថយន្ដគ្រប់ស៊េរី។

ប្រធានផ្នែកលក់រូបនេះ បានបន្ថែមថា ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ គឺនៅថ្ងៃទី០៩ ខែមីនា​ ក្រុមហ៊ុនបាននាំអតិថិជនរបស់ខ្លួនពីប្រទេសកម្ពុជា មកកាន់ប្រទេសម៉ាឡេស៊ី និងបានរៀបចំពិធីជប់លៀងយ៉ាងសប្បាយរីករាយ និងកក់ក្ដៅបំផុត ដើម្បីជាការអរគុណដល់អតិថិជន ដែលបានគាំទ្រនូវរថយន្ដទំនើបរបស់ខ្លួន។

ដោយឡែកនៅថ្ងៃទី១០ ខែមីនាក្រុមហ៊ុន បានផ្ដល់ឱកាសជូនអតិថិជនពេញមួយថ្ងៃតែម្ដងនៅលើទីលានប្រណាំង Sepang ដែលជាទីលានមួយដ៏ធំជាងគេ នៅតំបន់អាស៊ី ដើម្បីបើករថយន្ដឲ្យអស់ពីសមត្ថភាព ហើយការបើករថយន្ដនេះត្រូវបានចែកចេញបីដំណាក់កាល ទី១៖ការទទួលបានទ្រឹស្ដីពីអ្នកជំនាញ, ទី២៖ការបើករថយន្ដលើផ្លូវរៀបស្មើ ដែលមានល្បឿនលឿន និងមានផ្លូវកោង និងទី៣​៖បើករថយន្ដឆ្លងឧបសគ្គ ឬហៅថា Offroad ដើម្បីដឹងពីការភាពវ័យឆ្លាតរបស់រថយន្ដ និងភាពធុនផងដែរ។

បន្ទាប់ពីបានភ្លក់នូវបទពិសោធន៍ថ្មីពីរថយន្ដ Porsche ស្ទើរគ្រប់ស៊េរី ទាំងអតិថិជនប្រមាណ៤០នាក់ និង​​អ្នកយកព័ត៌មានរបស់ Fresh News សុទ្ធតែ​បានទទួលស្គាល់ពីភាពទំនើប និងវ័យឆ្លាតរបស់រថយន្ដទាំងនោះ ពោលគឺអាចឆ្លងកាត់បានរាល់គ្រប់ឧបគ្គសទាំងអស់​យ៉ាងងាយស្រួល និងពោរពេញទៅដោយភាពជឿជាក់។

ជាពិសេស​នៅពេលបើករថយន្ដក្នុងល្បឿនលឿន ហើយជួបឧបសគ្គដូចផ្លូវកោង និងត្រូវជាន់ហ្វ្រាំងជាបន្ទាន់ក្ដី ប៉ុន្ដែរថយន្ដនេះនៅតែរក្សាបាននូវលំនឹងយ៉ាងល្អ មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ បន្ថែមពីនេះនៅពេលបើក​ចុះចំណោទខ្ពស់ រថយន្ដនេះកាន់តែធ្វើការបានយ៉ាងល្អ​ដោយមានប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ ដើម្បីជំនួយដល់អ្នកបើកបរ ហើយនៅពេលផ្លូវមានជំរាលខ្លាំងរថយន្ដ Porsche អាចរក្សាខ្លួនបានថេរដដែល។

សូមបញ្ជាក់ថា ក្រុមហ៊ុន Precision Cars Cambodia Limited ជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ ទៅលើគ្រឿងបន្លាស់ និងរថយន្តម៉ាក Porsche ប្រចាំកម្ពុជា កាលពីខែមករាកន្លងទៅ បានសម្ពោធជាផ្លូវការនូវរថយន្ដម៉ាកថ្មីពីរម៉ូតទៀតហើយ នៅលើទីផ្សារកម្ពុជា។ រថយន្តទាំង២ម៉ូដែលនោះ គឺ Cayenne និង Panamera Sport Turismo ក្រុមហ៊ុននេះ ជឿជាក់ថារថយន្ដម៉ាកថ្មីពីរម៉ូដែលនេះ នឹងមានការទទួលគាំទ្រច្រើនពីអតិថិជនកម្ពុជា៕