(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកបណ្ឌិត ខាំផេង សាយស៊ុមផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសន្យារួមគ្នាពង្រឹងវិស័យសង្គមកិច្ច ទាំងក្នុងតំបន់ និងសាកលលោក។

ការប្រកាសរបស់ថ្នាក់ដឹកនាំកំពូលនៃក្រសួងទាំង២នេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងខាងលើ ដែលរៀបចំធ្វើ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសង្គមកិច្ច។

លោកបណ្ឌិត ខាំផេង សាយស៊ុមផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាខេត្តមានទីតាំងជាប់មាត់ឆ្នេរសមុទ្រ និងតំបន់ទេសចរណ៍ ប្រកបដោយសក្តានុពលរបស់កម្ពុជា រួមទាំងកំពង់ផែអន្តរជាតិ។

រដ្ឋមន្រ្តី វង សូត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តី និងគណៈប្រតិភូ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពរវាងក្រសួងទាំង២ ឲ្យកាន់តែមានភាពស្និទស្នាល សំដៅពង្រឹងវិស័យសង្គមកិច្ច ឲ្យកាន់តែមានភាពល្អប្រសើរឡើងស្របតាមស្ថានភាពវិវឌ្ឍន៍ ក្នុងតំបន់ និងសាកលលោក។

លោក វង សូត បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំទ្វេភាគីនាពេលនេះ គឺជាឳកាសសម្រាប់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចនៃប្រទេសទាំង២ បង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ សម្រាប់ ទិសដៅរយៈពេលវែង និងមធ្យម ដើម្បីធានានិរន្តរភាព និងជំរុញកិច្ចការនេះ ស្របតាមស្ថានភាពវិវឌ្ឍន៍នៃភាវូបនីយកម្ម។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តថា វិស័យសង្គមកិច្ច ទទួលបានសមិទ្ធផលថ្មីៗ ដោយក្នុងនោះ គឺការអនុវត្តគោលនយោបាយ កម្មវិធីពាន់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើន នូវសេវាសាធារណៈ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមងាយរងគ្រោះ ក្នុងសង្គម និងការបង្កើតរបបសន្តិសុខសង្គមសម្រាប់ អតីតមន្រ្តីរាជការ ស៊ីវិល អតីតយុទ្ធជន និងការជួយសង្រ្គោះសង្គមដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកបណ្ឌិត ខាំផេង សាយស៊ុមផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានសម្តែងការរីករាយ ដែល លោក រួមនឹងគណៈប្រតិភូឡាវ បានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ លោក ខាំផេង សាយស៊ុមផេង ក៏បានថ្លែងអរគុណ ដល់ថ្នាក់ដឹនាំក្រសួងសង្គមកិច្ច ដែលបានទទួលស្វាគមន៍លោកយ៉ាងយកចិត្តទុកដាក់ និងកក់ក្តៅបំផុត។

លោកបណ្ឌិត ខាំផេង សាយស៊ុមផេង ក៏បានថ្លែងអញ្ជើញថា្នក់ដឹកនាំក្រសួងសង្គមកិច្ច ទៅទស្សនកិច្ចប្រទេសឡាវ ដើម្បីបង្កើនភាព ស្និទស្នាល និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកបណ្ឌិត ខាំផេង សាយស៊ុមផេង បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា។ លោកថា ប្រទេសកម្ពុជា មានការរីកចម្រើន មិនចាញ់ប្រទេសជិតខាងឡើយ ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនស្ទើគ្រប់វិស័យផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ វិស័យសង្គមកិច្ច បាននិងកំពុងតែបោះជំហានទៅមុខ និងមានការរីកចម្រើន និងគួរកត់សំគាល់ដូចជា ការបង្កើតគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ការរៀបចំមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាល ជនវិបល្លាស្មារតី មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម៕