(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសៅរនេះ បានសម្តែងភាពរីករាយចំពោះការវិវឌ្ឍន៍ទៅរកភាពធូរស្រាលដ៏ល្អប្រសើរ នៃស្ថានភាពនៅឧបទ្វីបកូរ៉េ បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់ផ្តើមងាកទៅរកការចរចាគ្នាដោយសន្តិវិធី ក៏ដូចជាកិច្ចព្រមព្រៀងចរចារបស់ប្រធានាធិបតីអាមេរិក ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងផងដែរ។

ការលើកឡើងអំពីជំហរកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នាល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានការរីករាយដែលបានទទួលដំណឹងដ៏ល្អ ដែលទាក់ទងជាមួយនឹងកិច្ចសន្ទនាកាន់តែល្អប្រសើរ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះក៏ជាបញ្ហាដ៏សំខាន់មួយ ដែលធ្វើឱ្យការព្រួយបារម្ភនៅក្នុងតំបន់ និងអន្តរជាតិ កាត់បន្ថយពីភាពតានតឹងមករកភាពធូរស្រាល ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ ប្រសិនបើរឿងនេះវាបានកើតមែនពិតប្រាកដ គឺកិច្ចសន្ទនារវាងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុន»

សម្តេចបានបន្ថែមថា ដំណឹងនៃជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង គឺជាសារនយោបាយដ៏សំខាន់មួយ កំពុងទាក់ទាញពិភពលោក មិនគ្រាន់តែប្រទេសមហាអំណាច និងប្រទេសជិតខាងកូរ៉េប៉ុណ្ណោះទេ ក៏ប៉ុន្តែទាក់ទាញប្រទេសនានា នៅលើពិភពលោក ឱ្យមានការចាប់អារម្មណ៍ខ្ពស់ផងដែរ។

សម្តេចជឿជាក់ថា នៅក្នុងកិច្ចប្រជុំរវាងអាស៊ាន-អូស្រ្តាលី នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រហែលជាបញ្ហានេះ ក៏ជាបញ្ហាដែលប្រទេសអាស៊ាន-អូស្រ្តាលី អបអរសាទរផងដែរ។

សម្តេចបានគូសបញ្ជាក់ថា «ពិភពលោកក្នុងរយៈពេលចុងក្រោយនេះ​ ក៏បានកាត់បន្ថយការព្រួយបារម្ភអំពីការផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែការស្រុះស្រួលនេះ បានក្លាយជាប្រធានបទ នៃការធូរស្រាលសម្រាប់មេដឹកនាំនៅលើពិភពលោក»

សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ព្រមព្រៀងថា នឹងជួបគ្នានៅ​ខែឧសភាខាង​មុខនេះ ដើម្បីពិភាក្សា​ស្ដីពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីបកូរ៉េ។ នេះបើតាម បេសកជន​ពិសេស​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

បេសកជនពិសេស​កូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong)​ ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​​នៅឯ​សេតវិមាន នាឱកាស​បំពេញ​ដំណើរទស្សនកិច្ច​ក្នុង​សហរដ្ឋអាមេរិកថា «មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពី​ការប្ដេជ្ញាចិត្ត​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជាបញ្ឈប់រាល់​ការធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតី​អាមេរិក ក៏បាននិយាយដែរថា លោកចង់ជួប​ជាមួយ​លោក គីម ជុងអ៊ុន នៅ​ខែឧសភា ដើម្បីលុបបំបាត់ជាអចិន្ត្រៃយ៍​នៃអាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីបកូរ៉េ»

ដោយឡែក ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្វាគមន៍ចំពោះគម្រោងសន្ទនាននេះ។ លោកបានលើកឡើងថា គម្រោងកិច្ច​ប្រជុំ​កំពូល ដែលត្រូវបាន​ព្រមព្រៀង​​រវាង​ប្រទេស​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក នឹងក្លាយដំណាក់​កាលដ៏សំខាន់មួយ​ នៃការវិវដ្តន៍​ស្ថានការណ៍ សម្រាប់ការ​ស្វែងរក​សន្តិសុខ ឲ្យ​តំបន់​​ឧប​ទ្វីប​កូរ៉េ៕