(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា វិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវក្លាហានក្នុងការចេញផ្សាយកែតម្រូវឡើងវិញ ចំពោះការផ្សាយខុសកន្លងមកថា មានមនុស្សស្លាប់ចំនួន៦នាក់ និងរបួស៤០នាក់ នៅក្នុងហេតុការប៉ះទង្គិចគ្នា នៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី០៨ ខែមីនា។

លោក ហ៊ុយ វណ្ណៈ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃនេះថា ក្នុងនាមជាអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះ គួរតែកែតម្រូវឡើងវិញ ហើយមិនត្រូវចុះផ្សាយអ្វីដែលជាព័ត៌មានមិនពិត និងមានប្រភពមិនច្បាស់លាស់នោះទេ។

លោកបានព្រមានថា បើសិនជាសារព័ត៌មានទាំងពីរនេះ មិនមានការកែតម្រូវនោះទេ នោះពួកគេមានបំណងទុច្ចរិត ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដោយប្រើប្រាស់ប្រភពព័ត៌មានមិនពិត ហើយការធ្វើបែបនេះ គឺហាក់ដូចជាបំផ្លាញតួនាទីរបស់ខ្លួនឯងដូច្នោះដែរ។

សូមជំរាប​ថា កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង។ ករណីនេះមានការរាយការណ៍ភ្លាមៗទៅកាន់វិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ថា បណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ចំនួន៦នាក់ និងរបួសជាង៤០នាក់។

ប៉ុន្តែបន្ទាប់ពីស្រាវជ្រាវអាជ្ញាធរខេត្តក្រចេះ និងប្រជាពលរដ្ឋ បានអះអាងថា មិនមានអ្នកស្លាប់នោះទេ ប៉ុន្តែមានមនុស្ស២នាក់ បានរងរបួសដោយម្នាក់រងរបួសភ្លៅ និងគូថ។ ដោយឡែក សមាគមអាដហុក ដែលបានផ្តល់បទសម្ភាសន៍ថាមានអ្នកស្លាប់ដែរនោះ ក៏បានបញ្ជាក់ជាថ្មីថា ខ្លួនមិនមានរបាយការណ៍ណាមួយអំពីករណីអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ខាងលើ នោះទេ គឺទទួលព័ត៌មានមិនច្បាស់លាស់ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

នៅថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញា នៃតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចេញសេចក្តីថ្លែងការណ៍ថា ការផ្តល់បទសម្ភាសន៍ខុសពីការពិតដល់វិទ្យុអាស៊ីសេរីថា មានមនុស្ស០៦នាក់ស្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅស្រុកស្នួល ខេត្តក្រចេះ បណ្តាលឱ្យមានការភាន់ច្រឡំនោះ គឺមានអ្នករៀបចំឱ្យប្រជាពលរដ្ឋនិយាយបែបនេះ។

សេចក្តីថ្លែងការណ៍របស់តុលាការ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការរបស់តុលាការបានសាកសួរ លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត ដែលបានផ្តល់បទសម្ភាសន៍ខុសពីការពិត ដល់វិទ្យុអាស៊ីសេរី ដោយសារតែខ្លួនជឿតាមការញុះញង់បុគ្គលម្នាក់ឈ្មោះអេង៕