(ភ្នំពេញ)៖ សេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញា នៃតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះបានឱ្យដឹងថា ការផ្តល់បទសម្ភាសន៍ខុសពីការពិតដល់វិទ្យុអាស៊ីសេរីថា មានមនុស្ស០៦នាក់ស្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅស្រុកស្នួល ខេត្តក្រចេះ បណ្តាលឱ្យមានការភាន់ច្រឡំនោះ គឺមានអ្នករៀបចំឱ្យប្រជាពលរដ្ឋនិយាយបែបនេះ។

សេចក្តីថ្លែងការណ៍របស់តុលាការ នៅថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០១៨នេះ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការរបស់តុលាការបានសាកសួរ លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត ដែលបានផ្តល់បទសម្ភាសន៍ខុសពីការពិតដល់វិទ្យុអាស៊ីសេរី ដោយសារតែខ្លួនជឿតាមការញុះញង់បុគ្គលម្នាក់ឈ្មោះអេង។

សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទិន ភ័ក្រ្ត មានការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុស ដែលខ្លួនបានយាយាខុសពីការពិត ប្រាប់ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ព្រោះការពិត ក្នុងហេតុការនោះ លោកស្រីទទួលស្គាល់ថា ពុំមានមនុស្សស្លាប់នោះទេ។ ចំពោះការសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី គឺឈ្មោះ អេង ជាអ្នករៀបចំ និងជាអ្នកឱ្យលេខទូរស័ព្ទវិទ្យុអាស៊ីសេរី និងប្រាប់ពីអ្វីដែលត្រូវនិយាយ»

លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត បានបញ្ជាក់ថា ចំពោះការសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីគឺឈ្មោះ អេង ជាអ្នករៀបចំ និងជាអ្នកអោយលេខទូរស័ព្ទទៅវិទ្យុអាស៊ីសេរី និងប្រាប់ពីអ្វីដែលត្រូវនិយាយ។

សេចក្តីថ្លែងការណ៍អយ្យការអមសាលាដំបូងខេត្តក្រចេះបានប្រកាសថា ដើម្បីជៀសវាងការភ័ន្តច្រឡំដែលកើតចេញពីការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ជាពិសេសក្នុងបទសម្ភាសន៍រប​ស់លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត ជាមួយវិទ្យុអាស៊ីសេរី អយ្យការអមសាលាដំបូងខេត្តក្រចេះ សូមផ្តល់ជូនូវឯកសារមួយចំនួន ដែលជាលទ្ធផលនៃការស្រាវជ្រាវ របស់អយ្យការអមសាលាដំបូងខេត្តក្រចេះ និងអាជ្ញាធរមានសមត្ថកិច្ច ជូនដល់អ្នកសារព័ត៌មាន និងសាធារណជន ដើម្បីជូនជ្រាប។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង។ ករណីនេះមានការរាយការណ៍ភ្លាមៗទៅកាន់វិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ថា បណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ចំនួន៦នាក់ និងរបួសជាង៤០នាក់។

ប៉ុន្តែបន្ទាប់ពីស្រាវជ្រាវ អាជ្ញាធរខេត្តក្រចេះ និងប្រជាពលរដ្ឋ បានអះអាងថា មិនមានអ្នកស្លាប់នោះទេ ប៉ុន្តែមានមនុស្ស២នាក់ បានរងរបួសដោយម្នាក់រងរបួសផ្លូវ និងគូថ។ ដោយឡែក សមាគមអាដហុក ដែលបានផ្តល់បទសម្ភាសន៍ថាមានអ្នកស្លាប់ដែរនោះ ក៏បានបញ្ជាក់ជាថ្មីថា ខ្លួនមិនមានរបាយការណ៍ណាមួយអំពីករណីអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ខាងលើ នោះទេ គឺទទួលព័ត៌មានមិនច្បាស់លាស់ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ៕