(ក្រចេះ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ដើម្បីបញ្ជាក់ការពិត ពាក់ព័ន្ធការផ្សាយតាមវិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ថា មានអ្នកស្លាប់រហូតដល់០៦នាក់ និងរបួសជាង៤០នាក់ នៅក្នុងហេតុការណ៍ផ្ទុះហិង្សាដាក់គ្នា រវាងក្រុមសមត្ថកិច្ច និងប្រជាពលរដ្ឋ​ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។ ដោយលោកអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញសេចក្តីថ្លែងការណ៍បដិសេធចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានបំភ្លើសការពិត និងខុស១៨០អង្សាសេ។

ព្រះរាជអាជ្ញាខេត្តក្រចេះ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថា ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នារវាងសមត្ថកិច្ច និងពលរដ្ឋ នៅស្រុកស្នួល​ ខេត្តក្រចេះ មិនមានអ្នកស្លាប់ទេ ហើយប្រកាសឲ្យដឹងថា មានបុគ្គលឈ្មោះ អេង និងមួយចំនួនជាអ្នករៀបចំឲ្យនិយាយបំផ្លើសការពិតប្រាប់វិទ្យុអាស៊ីសេរី។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ក្រោយពីការស៊ើបអង្កេត និងស្រាវជ្រាវ ដោយហ្មត់ចត់រួចមក អាជ្ញាធរមានសមត្ថកិច្ចពុំបានរកឃើញមានករណីបាត់បង់ជីវិតមនុស្ស ដូចដែលបណ្តាញ សារព័ត៌មានមួយចំនួនតូច ធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសនោះឡើយ។ ទន្ទឹមនេះអយ្យការអមសាលាដំបូងខេត្តក្រចេះ ក៏បានជួបជាមួយលោកស្រី ទិន សុភ័ក្រ្ត និង ទិន ភ័ក្រ្ត ដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ហើយបានរៀបរា​ប់អំពីករណីមនុស្សស្លាប់ចំនួន០៦នាក់ និងរបួសចំនួនជាង៤០នាក់ផងដែរ។

លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថានៅចំពោះមុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះថា បទសម្ភាសន៍ដែលគាត់ផ្តល់ឲ្យវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ថា មានមនុស្សស្លាប់ចំនួន០៦នាក់ និងមានរបួសចំនួនជាង៤០នាក់ គឺជាព័ត៌មានមិនពិត ព្រោះគាត់ជឿតាមការញុះញង់ពីសំណាក់ឈ្មោះ អេង និងបុគ្គល ពាក់ព័ន្ធមួយចំនួនទៀត ដោយបុគ្គលទាំងនោះសន្យាថា នឹងដោះស្រាយដីធ្លីជូនគាត់។ លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត មានការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសដែលខ្លួនបាននិយាយខុសពីការពិតប្រាប់វិទ្យុអាស៊ីសេរី។

លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត បានបញ្ជាក់ថា ចំពោះការសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីគឺឈ្មោះ អេង ជាអ្នករៀបចំ និងជាអ្នកអោយលេខទូរស័ព្ទទៅវិទ្យុអាស៊ីសេរី និងប្រាប់ពីអ្វីដែលត្រូវនិយាយ។

សេចក្តីថ្លែងការណ៍បានប្រកាសថា ដើម្បីជៀសវាងការភ័ន្តច្រឡំដែលកើតចេញពីការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ជាពិសេសក្នុងបទសម្ភាសន៍រប​ស់លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត ជាមួយវិទ្យុអាស៊ីសេរី អយ្យការអមសាលាដំបូងខេត្តក្រចេះ សូមផ្តល់ជូនូវឯកសារមួយចំនួន ដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់អយ្យការអមសាលាដំបូងខេត្តក្រចេះ និងអាជ្ញាធរមានសមត្ថកិច្ច ជូនដល់អ្នកសារព័ត៌មាន និងសាធារណជន ដើម្បីជូនជ្រាប៕