(ភ្នំពេញ)៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិត្រពាំងព្រីង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រួមនឹងការប្រគល់ផ្ទះជូនប្រជាជនក្រីក្រនៅសង្កាត់ពញាពន់ ចំនួន៥ខ្នងផងដែរ។

ពីធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ និងលោក ព្រហ្ម ឌិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ពញាពន់ រួមនិងការចូលរួមពីសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅសរុបជាង៥០០នាក់។

លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យមន្ត្រីគណបក្សទាំងអស់ចុះសួរសុខ ទុក្ខប្រជាពលរដ្ឋជាប្រចាំ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយដោយយើងមិនបានដឹងនោះទេ។

លោកបន្តថា «នៅលើពិភពលោកយើងនេះ មិនទាន់មាននរណាម្នាក់ហ៊ានលះបង់អាយុជីវិត និងអំណាចឲ្យគេដូចសម្តេចតេជោ ហ៊ុន សែន នោះទេ ពោលគឺសម្តេច បានស្វែងរកបាននៅសន្តិភាព ហើយបានយកអំណាចទៅដាក់លើជើងពាន ដើម្បីឲ្យមានការបោះឆ្នោតទៅតាមលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើនរហូតមកមកដល់សព្វថ្ងៃនេះ ហើយបច្ចុប្បន្ននេះ សម្តេចក៏នៅបានខិតខំការពារសេចក្តីសុខ សន្តិភាពនេះណាស់ មិនឲ្យជនណាបង្កសង្គ្រាមទៀតនោះទេ»

ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានធ្វើការក្រើនរំលឹកដល់លោកចៅសង្កាត់ លោកអភិបាលខណ្ឌ ត្រូវពិនិត្យពីការលំលោភដី ប្រឡាយនាំឲ្យមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

លោកថា ប្រឡាយត្រូវតែរកឲ្យឃើញ ពីមុនធ្វើស្រែយើង ត្រូវការប្រឡាយបង្ហូរទឹកចូលស្រែ តែពេលលក់ដីស្រែក៏យើង នៅតែរក្សាប្រឡាយដែរ ដើម្បីនាំទឹកចេញ។

លោកថា «អស់លោកកុំផុយស្រួយ នឹងការចុះហត្ថលេខាឲ្យគេលក់ប្រឡាយពេក វាមានបញ្ហាប្រឈមណាស់ ប្រឈមនឹងការលិចលង់ភូមិដ្ឋានប្រជាជន ហើយប្រជាពលរដ្ឋនឹងជេរយើង»។

លោក ឃួង ស្រេង បញ្ជាក់ផងដែរថា យើងធ្វើផ្លូវជូនប្រជាពលរដ្ឋប្រវែង៧គីឡូម៉ែត្រ ដោយចាក់បេតុង ចាប់ពីព្រែកព្នៅ មកភ្នំបាសិត តែជាជំហានទី១ យើងធ្វើប្រវែង៤គីឡូម៉ែត្រសិន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្នើសុំឲ្យថែរក្សាផ្លូវទាំងអស់គ្នា កុំអោយមានការដឹកលើសទំនង់ សំដៅធ្វើយ៉ាងណាឲ្យផ្លូវយើងប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ផងដែរថា ក្រៅពីផ្តល់ជូនផ្ទះចំនួន៥ខ្នងជូនប្រជាពលរដ្ឋក្រីក្រហើយ លោក ឃួង ស្រេង និងក្រុមការងារបានផ្តល់អំណោយជូនថែមទៀត គឺផ្ទះ១ខ្នងបន្ថែម ជូនអង្ករ១០០គីឡូក្រាម និងថវិកា២០ម៉ឺនរៀលថែមទៀតផងដែរ៕