(រតនគិរី)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានគណៈកម្មាធិការសមាគម និងជាអគ្គលេខាធិការ ស-អ-ក កម្ពុជា និងលោក ថង សាវុន ប្រធានកិត្តិយសសមាគម អតីតយុទ្ធជនខេត្តរតនគិរី បានអញ្ជើញសំណេះសំណាល បំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនចំនួន៤៩៣នាក់ និងនាំថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅចែកជូនដល់អតីតយុទ្ធជនផងដែរ។

លោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក ប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនខេត្តរតនគិរី បានបង្ហាញថា យោធនពិការមានចំនួន៦៩នាក់, យោធិនចូលនិវត្តន៍ចំនួន២៧៣នាក់, យោធិនបាត់បង់ចំនួន៣នាក់, គ្រួសារជនពិការចំនួន១០៣នាក់ និងគ្រួសារជនមរណៈចំនួន៤៥នាក់។

លោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក បានបន្តថា សមាគមអតីតយុទ្ធជនកន្លងមក បានការជួយឧបត្ថម្ភពីសមាគមអតីតយុទ្ធជនខេត្តយ៉ាឡាយ ប្រទេសវៀតណាម ចំនួន៣លើកសម្រាប់ជួយដល់សមាជិកទីទ័ល ក្រចំនួន៣គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៥០លានដុង សម្រាប់សង់ផ្ទះ និងបានការជួយឧបត្ថម្ភពីលោក ថង សាវុន ចំនួន១៥០គ្រួសារកន្លងមក ដោយ១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ប៊ីចេង២កញ្ចប់, អំបិល២កញ្ចប់, ថ្នាំពទ្យ២កញ្ចប់ និងថវិកា៥ម៉ឺនរៀលក្នុងម្នាក់។

លោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក បានបន្ថែមឲ្យដឹងទៀតថា គណៈកម្មាការសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយ ស-អ-ក ស្រុក-ក្រុង សាខាឃុំ, សង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារ សពចំនួន១៨ សរុបថវិកា២៤លានរៀល, ថវិកាទ្រទ្រង់១៦លានរៀល និងបានស្នើសុំថវិកាសម្តេចតេជោ ចំនួន៣២លានរៀល ដើម្បីបង្គ្រប់ជូនគ្រួសារសព។

នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាការសមាគមអតីតយុទ្ធ ជនកម្ពុជា និងសូមឲ្យបងប្អូនខិតខំថែរក្សាសុខភាព ដើម្បីមើលប្រទេសជាតិ មានការរីកចំរើនក្រោមការដឹកនាំរបស់សម្តេច។

ពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនបងប្អូនអតីតយុទ្ធជនជិត៥០០នាក់នេះ នាយឧត្តមសេនីយ៍ ក៏ពាំនាំថវិការបស់សម្តេចតេជោ ហ៊ុន សែន ទៅចែកជូនបងប្អូនអតីតយុទ្ធជនក្នុងម្នាក់ៗ ទទួលបានថវិការចំនួន៥ម៉ឺនរៀលផងដែរ៕