(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង បានលើកឡើងថា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំគិតគូរពីកម្មករ និងមន្រីរាជការយ៉ាងខ្លាំង ធ្វើឲ្យប្រាក់បៀវត្សរ៍កើនឡើង យ៉ាងរហ័សជាងបបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ និងលើពិភពលោក។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងកម្មវិធីបញ្ចុះសីមា វត្តមុនីបញ្ញោរាម នៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង បានថ្លែងយ៉ាងដូច្នេះថា «ប្រាក់បៀវត្សរ៍កម្មករ កម្មការិនីសព្វថ្ងៃ១៧០ដុល្លារអាមេរិក ហើយប្រាក់បៀវត្សរ៍នេះ ខ្ពស់ជាងប្រទេសច្រើនណាស់ ជាពិសេសប្រទេសបង់ក្លាដេស ប្រទេសមីយ៉ាន់ម៉ា ប្រទេសឥណ្ឌា ប្រទេសផ្សេងៗទៀតច្រើននៅជុំវិញយើង។ ចំណែកប្រាក់បៀវត្សរ៍មន្ត្រីរាជការយើងក៏ឡើងទាំងអស់ ទាំងកម្មករ-កម្មការិនី ទាំងកងទ័ព ទាំងមន្ត្រីរាជការ គឺប្រាក់បៀវត្សន៍ឡើងទាំងអស់ ធ្វើយ៉ាងម៉េចឲ្យជីវភាព យើងកាន់តែកើនឡើង»

លោកបន្តថា «ទន្ទឹមនឹងប្រាក់បៀវត្សរ៍នៅកម្ពុជាឡើងហើយនោះ ដើម្បីសម្រួលដល់កម្មករ-កម្មការិនី សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យថ្លៃឈ្នួលផ្ទះមិនមានការឡើងថ្លៃ ជិះឡានក្រុងដោយមិនបង់ប្រាក់ ពិនិត្យ និងព្យាបាលសុខភាព នៅមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ ព្រមទាំងបានដាក់ចេញគោលនយោបាយ ផ្តល់ប្រាក់ពេលសម្រាលកូនផងដែរ»

លោក ហោ ណាំងហុង បានសង្កត់ធ្ងន់ៗថា «សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោនេះ មានការខិតខំណាស់ លោកយាយ លោកតា ទាំងអស់លើគ្រប់វិស័យ»

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា អតីតបក្សប្រឆាំងពេលទំនេរ អត់មានធ្វើការកសាងប្រទេស អត់រវល់អីទាំងអស់ ជាពិសេសពូកែរកវិធីណាប្រឆាំង ហើយយើងរវល់គិតតែរឿងកសាងជាតិ»។

អតីតប្រមុខការទូតដដែលរូបនេះ បានរំលឹកពីគោលនយោបាយថ្មី សម្រាប់កម្មការិនីដែលសម្រាលកូនផងដែរថា សម្រាលបានកូនមួយ ទទួលបានប្រាក់៤០ម៉ឺនរៀល សម្រាលបានកូនពីរ ទទួលបានប្រាក់៨០ម៉ឺនរៀល សម្រាលបានកូនបី ទទួលបានប្រាក់ ១លាន២០ម៉ឺនរៀល ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ៥លានរៀលបន្ថែម ពីសម្តេចតេជោផងដែរ៕