(ភ្នំពេញ)៖ លោកអគ្គនាយកក្រុមហ៊ុនផលិតស្រូវដ៏ធំមួយនៅកម្ពុជា បាន​ប្រកាសថា​ ថ្ងៃនេះក្រុមហ៊ុនរបស់លោក ចាប់ផ្តើមច្រូតកាត់ស្រូវប្រដេញទឹកប្រភេទស្រូវ ក្រអូបធម្មជាតិដំណាក់កាលទី១ ប្រមាណ៩៨០ហិកតា ​ដោយក្រុមហ៊ុនរបស់លោកបាន ប្តេជ្ញាធ្វើ​ជាកោសិកាមួយ ក្នុងការរួមចំណែក បំពេញនូវផលិតកម្មស្រូវ និងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក១លានតោន ក្នុងមួយឆ្នាំ។

លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានថ្លែងបែបនេះ ចុះត្រួតពិនិត្យ​ការច្រូតកាត់ ពូជស្រូវសែនក្រអូបគ្មានជាតិគីមី ប្រមាណ៩៨០ហិកតា និងចាប់ផ្តើមភ្ជួររាស់ដាំដំណាំស្រូវប្រាំង ជំហានទី២ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

លោកអគ្គនាយកក្រុមហ៊ុន បាន​បន្តថា ឆ្នាំនេះទឹកទន្លេអំណោយផលល្អ បឹងបួរមានទឹកគ្រប់គ្រាន់ បានជួយដល់ប្រជាកសិកម្មក្នុងការបង្កបង្កើនផល​។ ក្នុងនោះ​ក្រុមហ៊ុនកសិកម្មរបស់លោក បានត្រៀម​លក្ខណៈរៀបចំប្រព័ន្ធធារាសាស្ត្រជាស្រេច ដោយបានបូមទឹកទាំងថ្ងៃទាំងយប់ ​ស្តុកទឹកក្នុងអាងទំហំ១៤០ ហិកតាដែល អាចស្រោចស្រពដំណាំស្រូវ ដោយធ្វើបាន២ដង នារដូវប្រាំងឆ្នាំនេះ​។

អគ្គនាយកក្រុមហ៊ុនបន្ថែមថា មិនត្រឹមតែប្រើប្រាស់ នៅក្នុងកសិដ្ឋានប៉ុណ្ណោះទេ ក្រុមហ៊ុនរបស់លោកថែមទាំងបានផ្តល់ជូនប្រជាកសិករ ដែលនៅក្បែរតំបន់កសិកម្មនេះ រាប់រយហិកតាទៀតផង ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានផលស្រូវ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសាររបស់គាត់​ទៀតផង​។

គួររំលឹកថា យោងតាមអនុសាសន៍របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានលើកឡើងថា គោលនយោបាយនាំចេញអង្ករ១លានតោន ក្នុងមួយឆ្នាំរបស់កម្ពុជា ហើយសម្តេចបានជំរុញ និងលើកទឹកចិត្តឲ្យបណ្តាក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹប្រែងបន្ត ដើម្បីឲ្យគោលនយោបាយ ផ្នែកកសិកម្មមួយនេះ សម្រេចបានទៅតាមផែនការ។

ទាក់ទិនករណីនេះ​ លោកឧកញ៉ា ឌី​ ប៉ូ បានប្តេជ្ញាធ្វើ​ជាកោសិកាមួយ ក្នុងការរួមចំណែក​បំពេញនូវផលិតកម្មស្រូវ និងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក១លានតោន ក្នុងមួយឆ្នាំ៕