(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង នៅក្រោមក្របខណ្ឌកិច្ចប្រជុំ កំពូលរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នាខេត្តសៀមរាប លោក យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តីទទួលបន្ទុកការងារបរិស្ថាន ពិភពលោក នៃក្រសួងបរិស្ថានជប៉ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុន ត្រៀមខ្លួនជាស្រេច​ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា លើវិស័យបរិស្ថាន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន JICA។​

លោក យ៉ាស៊ូ តាកាហាស៊ី បានបញ្ជាក់ថាកន្លងមក ជប៉ុនបានផ្នែកស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួម ផ្នែកការកាត់បន្ថយការលំបាកប្រជាពលរដ្ឋ ផ្នែកសេដ្ឋកិច្ច លើលកម្ពស់សុខភាព ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញផងដែរ។ ជប៉ុនគ្រោងនឹងសម្របសម្រួល​សហប្រតិបត្តិការបរិស្ថាន ក្នុងប្រធានបទមួយចំនួន​ដូចជា ប្រព្រឹត្តិកម្មសំណល់ ការប្រើប្រាសសំណល់ឡើងវិញ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងនិរន្តរភាពទីក្រុង។

នៅក្នុងជំនួបនោះ រដ្ឋមន្ដ្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានជាមួយជប៉ុន ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់នៅខេត្តសៀមរាប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនាឆ្នាំ២០១៨ សិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង នៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តី បរិស្ថានអាស៊ីបូព៌ា ដែលជាឱកាសដ៏ពិសេសមួយ សម្រាប់មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិរបស់ស្ថាប័នរដ្ឋាភិបាល ទទួលបន្ទុកលើវិស័យ បរិស្ថាន និងតំណាងស្ថាប័នថ្នាក់ក្រោមជាតិ ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗ ដែលអញ្ជើញមកពី សហគមន៍ អភិវឌ្ឍអន្តរជាតិ ស្ថាប័នសិក្សា និងវិស័យឯកជន ផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាគ្នាអំពីបញ្ហា និងគំនិតថ្មីៗ ដើម្បីសម្រេចបានការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕