(ឧត្តរមានជ័យ)៖​ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ​មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត បានចុះពិនិត្យ និងផ្សព្វផ្សាយនូវព័ត៌មានដែលទាក់ទងជាមួយ និងម្ហូបអាហារ និងនំចំណីវេចខ្ចប់គ្រប់ប្រភេទ ទៅដល់អាជីវករព្រមទាំងប្រជាពលរដ្ឋឲ្យមានការយល់ដឹងដើម្បីសុខភាពេបស់ពួកគាត់ ។

លោក ខាន់ រ៉ាត់ បានឲ្យដឹងថា​ ដោយអាជីវករ​ និងប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ ស្ថិតនៅជាប់ព្រុំដែនកម្ពុជា-ថៃ និងឆ្ងាយពីទីរួមខេត្ត មន្ត្រីសាខាកាំកុងត្រូលខេត្តតែងតែចុះជាប្រចាំ ដើម្បីពិនិត្យ និងផ្សព្វផ្សាយដល់ពួកគាត់ ហើយក្នុងនោះក៏មានការដកហូតនូវម្ហូបអាហារ និងនំចំណីវេចខ្ចប់ដែលគ្មានស្លាកសញ្ញា និងខូចគុណភាពផងដែរ។

លោកប្រធានបន្តថា​ ដោយមានការយល់ដឹងរបស់អាជីវករលក់ដូរក្នុងផ្សារខាងលើ ដោយសារតែការចុះណែនាំផ្សព្វផ្សាយពីមន្ត្រីសាខាកាំកុងត្រូលនាពេលកន្លងមក រហូតដល់ពេលនេះពិនិត្យឃើញថា ម្ហូបអាហារនំចំណីវេចខ្ចប់ ដែលខូចគុណភាព និងគ្មានស្លាកសញ្ញាច្បាស់លាស់គឺនៅមានតិចតួច។

ជាលទ្ធផល កម្លាំងសាខាកាំកុងត្រូល បានរកឃើញ និងដកហូតនូវប្រភេទកំទេចមីដែលគ្មានស្លាក​សញ្ញាចំនួន​ ៥៥កញ្ចប់ធំស្មើនិង​ ៦៦០កញ្ចប់តូច កំទេចនំយីហឺចំនួន​ ៤កញ្ចប់ធំស្មើនិង​ ៨៨កញ្ចប់តូច ។ បន្ទាប់ពីពិនិត្យនិងដកហូត កម្លាំងសាខាកាំកុងត្រូលបានបិត poster ផ្សព្វផ្សាយនិងពន្យល់ដល់អាជីវករ​និងប្រជាពលរដ្ឋផងដែរ៕