(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម​​ នាព្រឹកថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ដ្រីជំនាញ ចុះពិនិត្យការសាងសង់ ការពារច្រាំង មាត់ទន្លេ ស្ថិតនៅក្រុងកំពង់ចាម ជំហានទី៤ ប្រវែង១៤៨ម៉ែត្រ សម្រាប់ឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីរៀបចំសោភ័ណ្ឌភាពទីក្រុង ឲ្យកាន់តែស្អាត។

ការចុះពិនិត្យការសាងសង់ ការពារច្រាំងមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ខាងលើនេះ ដោយមានការចូលរួមពី លោក ម៉ៅ ហាក់ អគ្គនាយករងកិច្ចការ បច្ចេកទេស រួមជាមួយ អាជ្ញាធរក្រុង និងមន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញជាច្រើននាក់។

បើតាមលោក គួច ចំរើន បានបញ្ជាក់ឲ្យដឹងថា ការចុះពិនិត្យការសាងសង់ ការពារច្រាំងមាត់ទន្លេ ក្នុងក្រុងនាពេលនេះ គឺក្នុងគោលបំណង ដើម្បីរៀបចំ សោភ័ណ្ឌភាពនៅក្នុងទីក្រុងកំពង់ចាម ឲ្យកាន់តែស្អាតឡើងបន្ថែមទៀត។

អភិបាលខេត្តកំពង់ចាម​​ បានបន្ដទៀតថា ក៏ដូចជា ការពារការបាក់ច្រាំងទន្លេ និងធ្វើឲ្យផ្ទៃច្រាំងទន្លេកាន់តែធំ ដើម្បីផ្តល់ផលប្រយោជន៍ ដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលំហែកាយ នៅក្នុងក្រុងកំពង់ចាម កាន់តែច្រើនឡើងៗ។

សូមបញ្ជាក់ផងដែរថា ការធ្វើច្រាំងទន្លេនេះ បានធ្វើ៣តំណាក់កាលមកហើយ ដោយដំណាក់ការទី១៖ មានប្រវែង ២២០ម៉ែត្រ, ដំណាក់កាលទី២៖ មានប្រវែង ១៨០ម៉ែត្រ និងដំណាក់កាលទី៣៖ មានប្រវែង ៧៨ម៉ែត្រ។ ដោយឡែកដំណាក់កាលទី៤នេះ គឺមានប្រវែង ១៤៨ម៉ែត្រ៕