(ភ្នំពេញ)៖ អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន (CCOIC) បានជំរុញឲ្យកម្ពុជា ចាប់យកឱកាសទទួលយកអ្នកវិនិយោគិនចិន ខណៈ១៥ឆ្នាំទៀត ទំហំវិនិយោគចិនក្រៅប្រទេស មានចំនួនរហូតដល់ ២,០០០ប៊ីលានដុល្លារអាមេរិក។

ថ្លែងក្នុងវេទិការធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ លោក Cheng Qingtao បានបញ្ជាក់ថា ១៥ឆ្នាំទៅមុខទៀត ទីផ្សារចិននឹងត្រូវបានពង្រីកបន្ថែម តាមការព្យាករណ៍ នឹងនាំចូលផលិតផលតម្លៃសរុប ២៤,០០០ ប៊ីលានដុល្លារអាមេរិក ស្រូបយកការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ២,០០០ប៊ីលានដុល្លារអាមេរិក និងទំហំវិនិយោគក្រៅប្រទេស២,០០០ប៊ីលានដុល្លារអាមេរិក ដែលនឹងនាំមកកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែប្រសើរ សម្រាប់ពិភពលោក និងកម្ពុជាផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិនរូបនេះ បានឲ្យដឹងបន្តថា ស្របគ្នានេះ ចិននឹងបន្តចូលរួមយ៉ាងស៊ីជម្រៅ នូវដំណើរការសេដ្ឋកិច្ចសាកលភាវូបនីយកម្ម ធ្វើការបើកចំហរសេដ្ឋកិច្ចកម្រិតខ្ពស់ និងនាំមកនូវផលប្រយោជន៍សាធារណៈ កាន់តែច្រើនជូនសហគមន៍អន្តរជាតិ ជាពិសេស គឺប្រកាន់ខ្ជាប់នូវគោលការណ៍ពិភាក្សារួមគ្នា អភិវឌ្ឍន៍រួមគ្នា និងចែករំលែក អនុវត្តន៍នូវសមិទ្ធិផលសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង ពង្រីកយន្តការសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង ជំរុញការកសាង «ខ្សែក្រវ៉ាត់១ ផ្លូវ១» ចែករម្លែកកាលានុវត្តភាព អភិវឌ្ឍន៍របស់ចិនទៅកាន់បណ្តាប្រទេសនានា ដើម្បីសម្រេចបាននូវវិបុលភាពរួមគ្នា។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ជំនួសមុខឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា សកម្មភាពវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៧ មានសន្ទុះកើនឡើងប្រមាណ៧៥ភាគរយ រហូតដល់ ៦.៣ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០១៦។

លោកបានបញ្ជាក់ថា «ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីបរទេស ផ្អែកតាមការកត់ត្រារបស់កម្ពុជា សកម្មភាពវិនិយោគនៅឆ្នាំ២០១៧ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺទំហំវិនិយោគបានកើនឡើងប្រមាណ ៧៥ភាគរយ រហូតដល់ ៦.៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៦ ដែលទំហំទុនវិនិយោគមានចំនួនប្រមាណ៣.៦ពាន់លានដុល្លារអាមេរិក»

លោកបានបន្តថា តួរលេខទុនវិនិយោគ ក្នុងឆ្នាំ២0១៧កន្លងទៅនេះ គឺជាតួរលេខដ៏ខ្ពស់មួយដែលកម្ពុជា ទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ កំណើននៃការវិនិយោគនេះ ធ្វើឲ្យកម្ពុជារំពឹងថា នឹងជំរុញឲ្យមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្មកាន់តែកើនឡើង ថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ។

សូមជម្រាបជូនថា ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងបរិមាណសរុប ៥.៣ពាន់លានដុល្លារអាមេរិក គឺជាមធ្យមប្រមាណជា១ពាន់ដុល្លារអាមេរិកក្នុង១ឆ្នាំ និងមានការកើនឡើងជាលំដាប់ លើវិស័យមួយចំនួន រួមមាន៖ ធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ល។ ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏មានទំហំប្រមាណជាង ៥ពាន់លានដុល្លារអាមេរិកផងដែរ៕