(ភ្នំពេញ)៖ ភាពយន្ដឯកសារស្ដីពី «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ Surviving Bokatorដែលដឹកនាំថតដោយផលិតករជនជាតិកាណាដា លោក Mark Bochsler សហការជាមួយស្ថាបនិកគុនល្បុក្កតោ លោកតាក្រម៉ាមាស សាន គីមស៊ាន មកទល់ពេលនេះ បានសម្រេចសមិទ្ធផលជាង ៩០% ហើយ ក្រោយដំណើរការថតអស់រយៈពេលជាង ៥ឆ្នាំ និងចំណាយអស់ជាង ១០ម៉ឺនដុល្លារ។

ទន្ទឹមគ្នានោះ លោក វ៉ាត់ ចំរើន បានចាត់ទុកភាពយន្ដនេះ គឺជាឯកសារជំនួយដ៏សំខាន់មួយទៀត ដើម្បីជំរុញការចុះឈ្មោះក្បាច់គុនបុរាណខ្មែរមួយនេះ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (UNESCO)។

ថ្លែងក្នុងសេចក្ដីប្រកាសភាពជាដៃគូរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងភាពយន្ដឯកសារ Surviving Bokator នៅថ្ងៃទី០៧ ខែមីនានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ភាពយន្ដនេះ គឺជាការលើកកម្ពស់ការយល់ដឹងជាសកលអំពីគុនល្បុក្កតោខ្មែរ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្ដារឡើងវិញនូវវប្បធម៌ ដែលស្ទើរតែបាត់បង់ក្នុងសម័យខ្មែរក្រហម នៅទសវត្សឆ្នាំ១៩៧៩។ ហេតុនេះ លោកបានអរគុណយ៉ាងខ្លាំង ចំពោះលោក Mark Bochsler ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីផលិតខ្សែភាពយន្ដនេះឡើង។

លោកបញ្ជាក់ថា «នេះគឺជាវប្បធម៌របស់យើង ប្រពៃណីរបស់យើង ហើយការចងក្រងឯកសារអំពីការរស់ឡើងវិញ ក្នុងសម័យទំនើបបច្ចុប្បន្ននេះ គឺមានតម្លៃណាស់សម្រាប់យើង និងសង្គមជាតិ»។ បន្ថែមលើនេះ អ្វីដែលពិសេស គឺឯកសារនេះ ផលិតស្របពេលកម្ពុជា ទើបបានចុះឈ្មោះក្បាច់គុនល្បុក្កតោ ទៅអង្គការយូណេស្កូ ដើម្បីស្នើសុំចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ។ ដូច្នេះវានឹងក្លាយជាឯកសារដ៏សំខាន់មួយទៀត បន្ថែមលើឯកសារផ្សេងៗ ដែលក្រុមស្រាវជ្រាវវប្បធម៌បានភ្ជាប់ជាឯកសារយោង។ លោកថា «ឯកសារនេះ នឹងក្លាយជាជំនួយដ៏ខ្លាំងមួយ ដើម្បីជំរុញការវិនិច្ឆ័យរបស់អង្គការយូណេស្កូឲ្យកាន់តែល្អប្រសើរ»
លោក Mark Bochsler បានឲ្យដឹងថា ភាពយន្ដ Surviving Bokator បច្ចុប្បន្ន កំពុងស្ថិតក្នុងសំលេងជាភាសាអង់គ្លេស ប៉ុន្ដែក្រោយបញ្ចប់គម្រោងថត និងផលិតជាស្ថាពរ លោកនឹងនាំយកភាពយន្ដឯកសារនេះ ទៅចាក់បញ្ចាំងក្នុងកម្មវិធីលើឆាកអន្ដរជាតិផ្សេងៗ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ក្បាច់គុនបុរាណខ្មែរ ដែលហៀបនឹងបាត់បង់កាលពី ៤០ឆ្នាំមុនឲ្យពិភពលោកបានស្គាល់។ បន្ទាប់មកក្រុមការងាររបស់ខ្លួន ធ្វើការប្រែសម្រួលជាភាសាខ្មែរ ដើម្បីធ្វើឲ្យកាន់តែមានភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ បានតាមដានទស្សនា និងបានយល់កាន់តែច្បាស់ពីក្បាច់គុន ដែលមានអាយុកាលជាង ១,៧០០ឆ្នាំនេះ។

យ៉ាងណាមិញបច្ចុប្បន្នបុរសជនជាតិកាណាដាខាងលើ កំពុងជួបបញ្ហាហិរញ្ញវត្ថុ ដែលធ្វើឲ្យគម្រោងថតភាពយន្ដ Surviving Bokator របស់លោកអាចត្រូវពន្យាពេលថតដល់ទៅ ១ឆ្នាំ ឬ ២ឆ្នាំទៀត។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យមានការចូលរួមគាំទ្រក្នុងការផលិតខ្សែភាពយន្ដឯកសារមួយនេះ ដើម្បីពន្លឿនការថតឲ្យបានចប់មុនរយៈពេល ១ឆ្នាំ។ លោកថា ការចំណាយលើការចូលរួមរបស់គ្រួសារគុនល្បុក្កតោមិនច្រើននោះទេ តែចំណាយច្រើនលើបច្ចេកទេសក្នុងការថត និងការរៀបចំគម្រោងផ្សេងៗ។ លោករំពឹងថា ភាពយន្ដនេះ នឹងក្លាយជាឯកសារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា បើទោះបីវាមិនមានជាភាពយន្ដកុន សម្រាប់ប្រកួតប្រជែងលើទីផ្សាររឿងកុនផ្សេងៗក៏ដោយ។

ដោយឡែក កីឡាការិនីជម្រើសជាតិ សំ ថារ័ត្ន និងជាអ្នកប្រដាល់គុនចម្រុះ MMA របស់កម្ពុជា បានលើកឡើងថា ខ្លួនពិតជាមានមោនទភាពជាខ្លាំង ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមថតភាពយន្ដឯកសារនេះ តែកញ្ញាក៏មានការខ្មាសអៀនចំពោះខ្លួនឯងផងដែរ ដែលត្រូវបានផលិតករជាជនជាតិកាណាដា មកដឹកនាំថតរឿងប្រវត្តិសាស្រ្ដខ្មែរ ពាក់ព័ន្ធនឹងក្បាច់គុនបុរាណដ៏ចំណាស់មួយនេះ។ កញ្ញាបន្ដថា ការថតនេះ ពួកគេបានចូលរួមដោយស្ម័គ្រចិត្ត មិនយកកម្រៃអ្វីទាំងអស់។ ថារ័ត្ន បញ្ជាក់ថា «ទោះបីពួកខ្ញុំ មិនបានអាចជួយជាថវិកាក្ដី ប៉ុន្ដែពួកខ្ញុំរីករាយក្នុងការចូលរួមជួយជាកម្លាំង តាមរយៈការចូលរួមថត និងសម្ភាសន៍ផ្សេងៗជាដើម ដើម្បីចូលរួមលើកដំកើងវប្បធម៌ខ្មែរមួយនេះ ទៅលើឆាកអន្ដរជាតិឲ្យកាន់តែល្បីល្បាញ»

សូមបញ្ជាក់ថា ភាពយន្ដ Surviving Bokator បានចាប់ផ្ដើមថតតាំងពីឆ្នាំ២០១០ មកម្ល៉េះ ដោយចាប់យកដំណើរការតស៊ូរបស់លោកគ្រូតាក្រម៉ាមាស សាន គីមស៊ាន ដែលជាអ្នករួចជីវិតពីរបបខ្មែរក្រហមដ៏សាហាវព្រៃផ្សៃ ដែលបានតស៊ូព្យាយាម ដើម្បីស្ដារឡើងវិញនូវក្បាច់គុនល្បុក្កតោ ដែលជាវប្បធម៌ខ្មែរ និងថែរក្សាក្បាច់គុននេះ តាមរយៈការផ្ទេរចំណេះវិជ្ជាដល់យុវជនជំនាន់ក្រោយជាបន្ដបន្ទាប់។ ទន្ទឹមជាមួយគ្នា ទោះបីការថតមិនទាន់បញ្ចប់ទាំងស្រុងក្ដី តែនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី០៨ ខែមីនាស្អែកនេះ ក្រុមការងារលោក Mark Bochsler នឹងធ្វើការចាក់បញ្ចាំងសាកល្បងនៅសាលមហោស្របចតុមុខ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរ និងបរទេស។ ដូច្នេះសម្រាប់អ្នកចាប់អារម្មណ៍ សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយភាពយន្ដឯកសារ ស្ដីពីវប្បធម៌របស់ខ្មែរមួយនេះ៕