(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិធីបិទសន្និបាទបូកសរុបលទ្ធផល នៃការការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពល ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ភ្នំពេញ។

ពិធីនេះ ប្រារព្ធឡើងក្រោមវត្តមានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពល រួមជាមួយលោក លោកស្រី រដ្ឋលេខាធិការ អគ្គនាយកដ្ឋាន ប្រធានមន្ទីររ៉ែ និងថាមពលទូទាំងរាជធានី ខេត្តអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

បើតាមលោក ស៊ុយ សែម ប្រសិទ្ធិផលរបស់ក្រសួងរ៉ែ និងថាមពល បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើតបាននូវឱកាសសេដ្ឋកិច្ច សង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ បន្ថែមលើផលប្រយោជន៍ ពីការពង្រឹងបាននូវទំហំ និងមូលដ្ឋានសារពើពន្ធរបស់ជាតិ ហើយសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាឆ្ពោះទៅបណ្ដាឆ្នាំខាងមុខ នៅអាណត្តិក្រោយនេះ គឺជាពេលវេលាដែលវិស័យរ៉ែ និងថាមពល ត្រូវបានចាប់ផ្ដើមការ ប្រមូលផលយ៉ាងពេញលេញ ពីរាល់ការវិនិយោគកន្លងមក។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការពង្រឹងបានប្រសិទ្ធិភាពអភិបាលកិច្ចខ្ពស់ លើការគៀងគរប្រមូលចំណូលជាតិពីវិស័យរ៉ែ និងប្រេងកាត ដែលក្នុងរយៈពេលនៃអាណត្តិនេះ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងប្រេងកាតបានកើនឡើងលើសពី១០ដង ប្រៀបធៀបទៅនឹងអាណត្តិកន្លងមក។ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងប្រេងកាត មុនឆ្នាំ២០១៣ មានទំហំប្រមាណ ២-៣លានដុល្លារ ក្នុងមួយឆ្នាំ ត្រូវបានកើនឡើងនៅឆ្នាំ២០១៦-២០១៧ មានទំហំប្រមាណ១៧-១៨លានដុល្លារក្នុងមួយឆ្នាំ៕