(បរទេស)៖ ប្រទេសកម្ពុជា​ស្ថិតនៅក្នុង​ចំណោម ប្រទេស​មានប្រាក់​ចំណូលទាប និងមានទីផ្សារសេដ្ឋកិច្ច​កំពុងរីកចម្រើន​ចំនួន ០៥​ ដែលបាន​បង្ហាញឲ្យពិភពលោក​បានឃើញ ពីមធ្យោបាយ​ដ៏ប្រសើរជាទីបំផុត ក្នុងការ​ប្រមូលពន្ធ។ នេះបើតាមការដក​ស្រង់អត្ថបទ​​ ចុះផ្សាយដោយ​ទស្សនាវដ្តី​សេដ្ឋកិច្ចដ៏ល្បី Finance & Development នៅព្រឹក​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

​ប្រទេសដែល​កំពុងអភិវឌ្ឍន៍​ជាទូទៅ ធ្វើការប្រមែប្រមូលពន្ធ​ត្រឹម១៥ភាគរយប៉ុណ្ណោះ នៃផលិតផល​ក្នុងស្រុកសរុប (GDP) បើ​ធៀប​ទៅ​​នឹង​ ៤០ភាគរយ ដែលប្រមូល​ដោយប្រទេស​អភិវឌ្ឍន៍ ដែលមានសេដ្ឋកិច្ច​ជឿនលឿន។ សមត្ថភាព​នៃការ​ប្រមូលពន្ធ គឺពឹង​ផ្អែក​ទៅ​​លើ​សមត្ថ​ភាព​​​របស់ប្រទេសមួយ ក្នុងការផ្តល់​ហិរញ្ញប្បទាន​ដល់សេវា​សង្គម រួមមានសេវា​សុខភាព និងអប់រំ, ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​សំខាន់ៗ ដូចជាបណ្តាញ​អគ្គិសនីព្រម​ទាំងផ្លូវថ្នល់ និងសេវាថែទាំ​សាធារណៈ​ដទៃៗទៀត។

ដោយយោង​ទៅតាមតម្រូ​វការចាំបាច់ ដ៏ធំសម្បើមនៃបណ្តា​ប្រទេសក្រីក្រ កម្រិតប្រមូលពន្ធ​យ៉ាងទាប​ខាងលើ កំពុងធ្វើឲ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ប្រទេស​ទាំងនោះប្រឈមនឹង​ហានិភ័យ។ ដោយឡែកបើក្រឡេក​ទៅមើលការធ្វើ​កំណែទម្រង់​ដោយជោគជ័យ​ កាល​ពី​ចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១៥ នៅក្នុងប្រទេស​មានចំណូល​ទាប និងមានសេដ្ឋកិច្ច​កំពុងរីកចម្រើន​ចំនួន ០៥ ដែលសម្រេច​បានការ​រក​ចំណូល​​​យ៉ាង​ធំធេង ​ក្រោយពីមាន​​ការ​ផ្លាស់​ប្តូរទៅលើ​ប្រមូលពន្ធនោះ បានផ្តល់​ចម្លើយខ្លះៗ ចំពោះ​សំណួរថា តើអ្នក​តាក់​តែង​​ច្បាប់​ ​​ត្រូវ​ធ្វើ​បែប​ណា ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ខាងលើ?

គួរជម្រាបថា បទពិសោធន៍​នៃបណ្តាប្រទេសចម្រុះ​ទាំង ០៥រួមមាន កម្ពុជា ហ្សកហ្ស៊ី (Georgia), ហ្គូយ៉ាណា (Guyana)​, លីបេរីយ៉ា (Liberia) និង អ៊ុយក្រែន បានស្តែងឲ្យ​ឃើញថា ទោះបីជាប្រទេស​ទាំងនោះ បានប្រឈម​នឹងឧបសគ្គជាច្រើន​បែបណាក្តី ពួកគេ​នៅ​តែ​អាចពង្រឹងសមត្ថភាព​របស់ខ្លួន ដើម្បីស្វែងរកចំណូល​ពីការ​ប្រមូលពន្ធ តាម​រយៈ​ការ​ពុះ​ពារ​​អនុវត្តន៍​នូវ​​យុទ្ធ​សាស្រ្ត​កំណែ​ទម្រង់ ដែលមាន​លក្ខណៈពិសេស​ជាក់លាក់ផ្សេងៗ​ពីគ្នា៕