(កណ្តាល)៖ ថ្លែងពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បុរសខ្លាំងរបស់កម្ពុជាសម្តេចតេជោ សែន បានផ្តាំទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់ធ្វើជាអណ្តើកក្នុងស្នូកនៅក្រៅប្រទេសថា សម្តេចឡើងមកកាន់តំណែងតាមរដ្ឋធម្មនុញ្ញបោះឆ្នោតគាំទ្រដោយប្រជាជន ដូច្នេះសម្តេចចុះទៅវិញក៏តាម រដ្ឋធម្មនុញ្ញផងដែរ មិនលេងផ្លូវកាត់នោះឡើយ។

ការថ្លែងផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានេះ បានធ្វើឡើងប្រតិកម្មតបទៅនឹងសម្តីទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវឲ្យសម្តេចចុះចេញពីតំណែង។ នៅក្រោយពេលសម្តេចនាយករដ្ឋមន្ត្រីប្រកាសបិទទ្វារមិនចរចាជាមួយនោះ លោក សម រង្ស៊ី អតីតមេដឹកនាំបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយចោលក្នុងបទសម្ភាសន៍ ជាមួយវិទ្យុផ្សាយជាសំឡេងខេមរភាសាឧបត្ថម្ភលុយដោយសហរដ្ឋអាមេរិកថា បំណងក្នុងការចរចានេះ គឺដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងដោយសន្តិវិធី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសម្តីនេះ ជាសម្តីរបស់មនុស្សអស់លក្ខណ៍បន្ទាប់ពីសម្តេចបិទទ្វារមិនទទួលយកការចរចានោះ។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់តបវិញថា «ធ្វើអីអញមិនកើតមកឲ្យអញចុះដោយសន្តិវិធី។ អញឡើងដោយរដ្ឋធម្មនុញ្ញអាពៅ ផ្តាំត្រឡប់ទៅវិញ ឡើងតាមរដ្ឋធម្មនុញ្ញ ចុះទៅវិញតាមរដ្ឋធម្មនុញ្ញអត់មានផ្លូវកាត់ទេ។ បើអ្នកឯងចង់លេងផ្លូវកាត់ សូមអញ្ជើញមកលេងផ្លូវកាត់ល្អមើលតើអាហ្នឹង ប៉ុន្តែពួកអ្នកឯងអត់ហ៊ានទេ។ ហ៊ានតែនៅខាងក្រៅទេ អាក្នុងអត់ហ៊ានទេ ងើបអត់រួចទេ»

សូមបញ្ជាក់ថា លោក សម រង្ស៊ី រយៈពេលប៉ុន្មានថ្ងៃមុននេះ បានបង្ហើបចង់ចរចាជាមួយសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយបញ្ហានយោបាយ។ តែបំណងបង្កប់ដោយភាពពិសពុល និងទុច្ចរិតរបស់អម្បូរជនក្បត់ជាតិនេះ មិនត្រូវបានសម្តេចនាយករដ្ឋមន្ត្រីទទួលយកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ ក៏បានរំលឹកប្រជាពលរដ្ឋផងដែរ ត្រូវមានការពិចារណាឲ្យបានច្បាស់លាស់កុំគិតតែដូរៗតាមវោហាសាស្រ្តរបស់អ្នកនយោបាយដោយ មិនដឹងទិសតំបន់ ដែលនឹងនាំឲ្យជាតិធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយដូចកាលពីអតីតកាល៕