(ឧត្តរមានជ័យ)៖ ក្នុងពិធីទទួលមេដាយការពារជាតិនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អតីតយុទ្ធជននៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានផ្តាំទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងសម្ងំលាក់ខ្លួននៅក្រៅប្រទេសគេចពីសំណាញ់ច្បាប់កុំឲ្យព្យាយាមបង្កវិនាសកម្មជាថ្មីលើដែនដីកម្ពុជាទៀត ព្រោះទម្រាំរកបានសេចក្តីសុខដូចពេលបច្ចុប្បន្ននេះ ជាតិកម្ពុជាបានហែលឆ្លងទុក្ខវេទនា វិនាសកម្ម និងសោកនាដកម្មខ្លាំងណាស់។

ការទទូចរបស់បងប្អូនអតីតយុទ្ធជនដែលសុទ្ធតែជាអ្នកបានធ្វើពលីកម្មលើសមរភូមិ ដើម្បីទប់ស្កាត់កងទ័ពខ្មែរក្រហមមិនឲ្យវិលមកកាន់កាប់ប្រទេសជាថ្មីរហូតអ្នកខ្លះធ្លាក់ខ្លួនពិការដល់ពេបច្ចុប្បន្ន បានធ្វើឡើងបន្ទាប់ពីពួកគាត់បានមើលឃើញលោក សម រង្ស៊ី បានដាក់ចេញនយោបាយញុះញង់កងទ័ព និងប្រជាពលរដ្ឋឲ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

លោក ហួត ប៊ុន យោធិនពិការរស់នៅភូមិទួលតាសេក ឃុំ-ស្រុកត្រពាំងប្រាសាទ បានចាត់ទុកនយោបាយ និងសារអំពាវនាវរបស់លោក សម រង្ស៊ី ជាសកម្មភាពដ៏ពិសពុលក្នុងការឈានទៅសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការក្តោបក្តាប់អំណាចផ្ទុយពីច្បាប់រដ្ឋ។ លោក ហ៊ួត ប៊ុន បានចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលមានឪពុកជាប់ងារជាជនក្បត់ជាតិនេះ អាចនាំឲ្យជាតិធ្លាក់ក្នុងគ្រោះមហន្តរាយដូចអតីតកាល ប្រសិនបើរាជរដ្ឋាភិបាលទប់ស្កាត់មិនជាប់ទេនោះ។

អតីតយុទ្ធជនដែលធ្លាក់ខ្លួនពិការលើសមរភូមិពេលចេញការពារប្រទេសកុំឲ្យក្រុមទាហានខ្មែរក្រហមវិលចូលកាន់កាប់កម្ពុជាជាថ្មីនាទសវត្សរ៍ឆ្នាំ៨០ ហើយក៏ជាអ្នកដែលបានហែលឆ្លងស្ថានការណ៍នយោបាយនៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ៧០ដែរនោះ បានលើកឡើងថា អ្វីដែលលោក សម រង្ស៊ី និងបក្ខពួកកំពុងធ្វើនាពេលបច្ចុប្បន្នមិនខុសអ្វីពីក្រុមសេនាប្រមុខ លន់ នល់ ទ្រង់ស៊ីសុវត្ថិ សិរីមតៈ និងបក្ខពួកបានធ្វើទៅលើរបបដឹកនាំរបស់សម្តេច នរោត្តម សីហនុ នោះឡើយ។

លោក ប៊ុន បានប្រៀបធៀបថា ដើម្បីផ្តួលរំលំរបបសម្តេច នរោត្តម សីហនុ ក្រុមលោក លន់ នល់ មិនខ្លាចនឹងការសាបព្រោះសារនយោបាយពិសពុលនានា ដូចជាថា របបសម្តេច សីហនុ លក់ដី លក់ប្រទេសឲ្យយួនជាដើម។

«សកម្មភាពនយោបាយរបស់គាត់គ្រោះថ្នាក់ណាស់សម្រាប់ជាតិកម្ពុជាទាំងមូល គឺមិនខុសអីពីក្រុមក្បត់ លន់ នល់ នោះទេ។ បើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មិនមានចំណាត់ការរឹងមាំ ដើម្បីទប់ទល់នឹងសកម្មភាពនយោបាយដ៏ពិសពុលនេះទេ សង្គមកម្ពុជា នឹងធ្លាក់ក្នុងអន្លង់នៃទុក្ខវេទនាជាថ្មីតៀតមិនខាន»។ លោក ហួត ប៊ុន បញ្ជាក់បន្ថែម។

លោក ហួត ប៊ុន ក៏បានរំលឹកផងដែរពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជារូបលោក។ លោកបានបញ្ជាក់ថា ព្រោះតែមហិច្ឆតា ​និងការស្រេកឃ្លានអំណាចរបស់អ្នកនយោបាយខ្មែរពីអតីតកាល បានធ្វើឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាម ពលរដ្ឋខ្មែរត្រូវនិរាសព្រាត់ប្រាស់ ស្លាប់ របួស និងធ្លាក់ខ្លួនពិការរហូតដល់បច្ចុប្បន្នដូចជារូបលោកជាដើម។

អតីតយុទ្ធជនរូបនេះ បានអំពាវនាវទៅលោក សម រង្ស៊ី ថា «ខ្ញុំថា បើគាត់មិនបានធ្វើអ្វីជួយដល់ជាតិទេ សូមគាត់ (សម រង្ស៊ី) កុំព្យាយាមបំផ្លាញជាតិមួយនេះ។ ពលរដ្ឋខ្មែរគេឆ្អែតឆ្អន់ហើយជាមួយរបត់នយោបាយពីអតីតកាល ខ្មែរស្លាប់ច្រើនណាស់ ខ្មែរត្រូវហិនហោចឆ្អែតឆ្អន់អស់ហើយមិនគួរឲ្យជាតិខ្មែរត្រូវហិនហោចព្រោះតែការស្រេកឃ្លានអំណាចនោះឡើយ»

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនប្រមាណ ៦៥៨នាក់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាទីតាំងសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយកាលពីអតីតកាល។

ក្នុងពិធីនោះនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ត្រូវរួមគ្នាការពារសុខសន្តិភាព និងពន្យល់ណែនាំកូនចៅកុំឲ្យជឿតាមការលាបពណ៌ញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដែលងាយនាំឲ្យជាតិត្រូវធ្លាក់ទៅក្នុងភាពអន្តរាយ៕