(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក កែ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបទៅវិញថា កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សម្រាប់អ្នកយកសិទ្ធិទាំងនេះ ទៅប្រើប្រាស់ពិតប្រាកដ និងស្របតាមច្បាប់ប៉ុណ្ណោះ។

លោក កែ រ៉េមី​ បានថ្លែងបែបនេះ ក្នុងឱកាសលោកជួបពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គកាសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។

លោក កែ រ៉េមី បានបន្តយ៉ាងដូច្នេះថា «ប្រសិនបើនិយាយពីសិទ្ធិមនុស្ស ត្រូវបែងចែកឲ្យបានច្បាស់ថា ប្រសិនបើប្រើប្រាស់សិទ្ធិមនុស្ស ជារបៀបវារៈពិតប្រាកដ ជាប្រធានបទមួយពិតប្រាកដ នោះសិទ្ធិមនុស្សល្អ និងជាការលើកស្ទួយ នៃសិទ្ធិមនុស្ស តួយ៉ាងអ្នកជាប់ពន្ធនាគារ គណៈកម្មាធិការសិទ្ធិកម្ពុជា បានតាមទៅមើលជនទាំងនោះដល់ពន្ធនាគារ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ និងការរស់នៅរបស់ពួកគាត់ បើនិយាយពីសង្គមខ្មែរឲ្យតែអ្នកជាប់គុក គឺដឹងតែអាក្រក់ ប៉ុន្តែនៅកម្ពុជាមានច្បាប់គោរពសិទ្ធិមនុស្សដូច្នេះត្រូវតែគោរព»

ពាក់ព័ន្ធបញ្ហាអ្នកនេះអ្នកស្រី រ៉ូណា ស្មីត បានលើកឡើងថា «កម្ពុជាមានស្ថេរភាព​ សន្តិភាពមានហើយ ក៏ប៉ុន្តែអ្នកស្រីសូមស្នើរឲ្យវាដើរទទឹមគ្នា ជាមួយសិទ្ធិមនុស្ស។ មិនតែប៉ុណ្ណោះអ្នកស្រី បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់បញ្ហាសិទ្ធិមនុស្សវាធ្វើ ឲ្យមានបញ្ហាក្នុងសង្គមផងដែរ»

ឆ្លើយតបទៅអ្នកស្រី រ៉ូណា ស្មីត លោក កែ រ៉េមី បានបញ្ជាក់ថា ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដើរលើផ្លូវមួយដ៏ត្រូវក្នុងការរក្សាសិទ្ធិមនុស្សនៅកម្ពុជា តួយ៉ាងថ្នាក់ដឹកនាំបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បងប្អូនកម្មករ-កម្មការិនី ក្រុមអ្នកសារព័ត៌មាន និងជនមួយចំនួនផងដែរដើម្បីស្វែងយល់ពីសុខទុក្ខ និងផ្តល់សិទ្ធិស្ទើរគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោក កែ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា ទោះបីកម្ពុជា គោរពសិទ្ធិមនុស្ស ប៉ុន្តែមិនត្រូវយកសិទ្ធិនេះ មកធ្វើជារបៀបវារៈមួយដែលនៅពីក្រោយខ្នងនាំ ឲ្យមានបញ្ហា ហើយនាំគ្នាយកសិទ្ធិមនុស្ស ដើម្បីធ្វើជាលេស នាំឲ្យសង្គមច្របូកច្របល់។ ដោយឡែកសម្រាប់លោកស្រី រ៉ូណា ស្មីត បានសម្តែងថា នៅក្នុងសង្គមណាណាក៏ដោយ ក៏មានការផ្តាស់ប្តូរដែរ។ នៅប្រទេសរបស់គាត់ មានការផ្តាស់ប្តូរម្តង គណបក្សខៀវ ម្តងគណបក្សក្រហម ម្តងគណបក្សក្រហម ម្តងគណបក្សខៀវ តាមរយៈការបោះឆ្នោត៕